កីឡា

អត្តពលិក អត្តពលកម្ម ត្រូវប្រកាន់ខ្ចាប់ នូវការបង្ការ និងការការពារ ដោយអនុវត្ត តាមការណែនាំ របស់ក្រសួង សុខាភិបាល

ភ្នំពេញ ៖ សហព័ន្ធខ្មែរកីឡា អត្តពលកម្មស័គ្រចិត្ត នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពការងារ របស់សហព័ន្ធ ព្រមទំាងអនុវត្ត តាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីការឆ្លង និងការរីករាលដាល មេរោគកូរ៉ូណា ដោយដឹកនាំពីលោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា នឹងប្រធានសហព័ន្ធខ្មែរកីឡា អត្តពលកម្មស័គ្រចិត្ត នៅអគ្គនាយកដ្ឋានកីឡា។

ក្នុងកិច្ចប្រជុំនេះផងដែលលោក ហ៊ុន បូរី អគ្គលេខាធិការ នៃសហព័ន្ធខ្មែរកីឡា អត្តពលកម្មស័គ្រចិត្ត បានធ្វើរបាយការណ៍ ជូនអង្គប្រជុំនូវវឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅការងារ របស់សហព័ន្ធខ្មែរកីឡា អត្តពលកម្មស័គ្រចិត្ត នាពេលបច្ចុប្បន្ននេះ ។

លោកប្រធានអ៊ុក សិទ្ធិជាតិ បានមានប្រសាសន៍ថា គ្រូបង្វឹកត្រូវណែនាំទៅដល់ កីឡាករ-កីឡាការិនី មេត្តាប្រកាន់ខ្ចាប់ នូវការបង្ការ និងការការពារ ដោយអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីការឆ្លង និងការរីករាលដាល នៃមេរោគកូរ៉ូណា ។

លើសពីនេះលោកប្រធាន បានផ្តល់អនុសាសន៍ណែនាំបន្ថែម លើការងារស្នូលសំខាន់ៗមួយចំនួន របស់សហព័ន្ធដើម្បីធ្វើយ៉ាងណា ឱ្យការអនុវត្តន៍ការងារ ទទួលបានគុណផល និងមានប្រសិទ្ធភាពខ្ពស់ ៕
ដោយ៖លី ភីលីព

Most Popular

To Top