បរទេស ៖ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ IRNA នៅថ្ងៃព្រហស្បតិ៍នេះ បានដកស្រង់សម្តីរដ្ឋមន្ត្រីថាមពលអ៊ីរ៉ង់ លោក Reza Ardakanian ថា ប្រទេសអ៊ីរ៉ង់ នៅពេលថ្មីៗនេះ ទើបបានចុះហត្ថលេខា លើកុងត្រារយៈពេលពីរឆ្នាំមួយ ជាមួយប្រទេសអ៊ីរ៉ាក់ នាំចេញអគ្គិសនីទៅឲ្យប្រទេស ជិនខាងមួយនេះ។
លោក Reza Ardakanian ដែលធ្វើដំណើរទៅកាន់ ប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃពុធ បាននិយាយប្រាប់ដូច្នេះថា “យើងបានចុះហត្ថលេខា កុងត្រាមួយជាមួយប្រទេសអ៊ីរ៉ាក់ សម្រាប់ការនាំចេញអគ្គិសនីឆ្នាំ២០២០និងឆ្នាំ២០២១ ហើយដោយមានការសម្របសម្រួល របស់ស្ថានទូតអ៊ីរ៉ង់ នៅក្នុងប្រទេសអ៊ីរ៉ាក់ ពាក់កណ្ដាល នៃការចំណាយ ដែលមានទំហំទឹកប្រាក់៤០០លានដុល្លារនោះ ត្រូវបានទទួលនៅក្នុងអំឡុង ដំណើរទស្សនកិច្ច”។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនោះ គឺត្រូវបានធ្វើឡើង ស្របពេលមានទណ្ឌកម្ម ត្រូវបានដាក់សារជាថ្មីឡើង វិញលើអ៊ីរ៉ង់ ចាប់តាំងពីឆ្នាំ២០១៨ ដែលហាមមិន ឲ្យប្រទេសនានាទិញ យកថាមពលអ៊ីរ៉ង់ ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងឆ្នាំ២០១៨ បានដកទីក្រុងវ៉ាស៊ីនតោន ចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែអ៊ីរ៉ង់ឆ្នាំ២០១៥ និងបានដាក់ទណ្ឌកម្មជាថ្មីឡើងវិញ លើទីក្រុងតេអេរ៉ង់ ៕ប្រែសម្រួល៖ប៉ាង កុង