បរទេស៖ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា យន្តហោះអ៊ីស្រាអែល ដែលហោះពីលើប្រទេសលីបង់ បានធ្វើការវាយប្រហារមូលដ្ឋានយោធា នៅក្នុងខេត្តហាម៉ា ស្ថិតនៅភាគពាយព្យប្រទេសស៊ីរី បង្កឲ្យខូចខាតតែសម្ភារៈប៉ុណ្ណោះ ហើយនេះជាការបង្កើនប្រតិបត្តិការវាយឆ្មក់ដ៏ថ្មីបំផុត នៅក្នុងរយៈពេលពីរបីខែចុងក្រោយនេះ។
កាលពីមុនប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ធ្លាប់បាននិយាយថា ប្រព័ន្ធការពារដែនអាកាសកងទ័ពស៊ីរី បានរារាំងការវាយប្រហារមីស៊ីលមិនស្គាល់អត្តសញ្ញាណមួយគ្រាប់ ទៅលើទីក្រុងមួយស្ថិតនៅក្នុងខេត្តហាម៉ា ប៉ុន្តែនៅពេលត្រូវសួរអំពីការវាយប្រាហារដោយមីស៊ីលនោះ មន្ត្រីនាំពាក្យយោធាអ៊ីស្រាអែលមួយរូប បានបដិសេធសុំមិនធ្វើសេចក្តីអត្ថាធិប្បាយ។
គួរបញ្ជាក់ថា ប្រទេសអ៊ីស្រាអែល បានទទួលស្គាល់ថា ខ្លួនបានធ្វើប្រតិបត្តិការវាយឆ្មក់ជាច្រើន នៅក្នុងប្រទេសស៊ីរី ចាប់តាំងពីចាប់ផ្តើមកើតមានសង្គ្រាមស៊ីវិលក្នុងឆ្នាំ២០១១ ជាទីដែលអ៊ីស្រាអែលចាត់ទុកវត្តមានអ៊ីរ៉ង់នៅស៊ីរី ថាជាការគម្រាមកំហែងបែបយុទ្ធសាស្ត្រមួយ៕
