បរទេស៖ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោក Rick Scott បានថ្លែងនៅថ្ងៃអាទិត្យនេះថា សហរដ្ឋអាមេរិក មានភស្តុតាងដែលបញ្ជាក់ថា ប្រទេសចិន កំពុងតែព្យាយាមធ្វើឲ្យយឺតយ៉ាវ ឬក៏មានចេតនា បំផ្លាញការអភិវឌ្ឍ ផលិតថ្នាំវ៉ាក់សាំងកូវីដ១៩ ធ្វើឡើងដោយប្រទេស លោកខាងលិច។
នៅក្នុងអំឡុងធ្វើបទសម្ភាសន៍មួយ លើទូរទស្សន៍ប៊ីប៊ីស៊ី លោក Rick Scott បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងចាំបាច់ត្រូវតែ បង្កើតវ៉ាក់សាំងនេះឲ្យបាន តែជាអកុសល យើងមានភស្តុតាងបញ្ជាក់ថា ប្រទេសកុម្មុយនិស្តចិន កំពុងតែព្យាយាមបំផ្លាញយើង ឬក៏ធ្វើឲ្យវាយឺតយ៉ាវដោយចេតនា”។
នៅដែលត្រូវគេសួរថា ភស្តុតាងអ្វីដែលសហរដ្ឋអាមេរិកមាននោះ លោក Rick Scott បានបដិសេធ មិនផ្តល់សេចក្តីលម្អិត ប៉ុន្តែបានមានប្រសាសន៍ថា វាទទួលបាន តាមរយៈសហគមន៍ស៊ើបការណ៍សម្ងាត់ នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០៕ ប្រែសម្រួល៖ប៉ាង កុង