កីឡា

វគ្គបណ្តុះបណ្តាល គ្រូបង្វឹកហែលទឹក កម្រិតមូលដ្ឋាន ចាប់ផ្តើមលើកដំបូង នៅស្រុកកោះធំ

ខេត្តកណ្តាល៖សហព័ន្ធខ្មែរកីឡាហែលទឹក បានសហការជាមួយការិយាល័យ អប់រំ យុវជន និងកីឡាស្រុកកោះធំ ខេត្តកណ្តាលនាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ វគ្គបណ្តុះបណ្តាលគ្រូបង្វឹកហែលទឹកកម្រិតមូលដ្ឋាន “Beginner Swimming Coach Clinic” ដល់មន្រ្តី និងគ្រូបង្វឹកមកវិទ្យាល័យដែលមានរយៈពេល២ ថ្ងៃប្រព្រឹត្តនាអាងហែលទឹកស្រុកកោះធំ។

ក្នុងឳកាសបើកវគ្គជាផ្លូវការដោយមាន ការអញ្ជើញលោក អេង មោក្ខ ប្រធានក្រុមប្រឹក្សាស្រុកកោះធំ លោក ច្រាយ ថុង ប្រធានការិយាល័យ អប់រំ យុវជន និងកីឡាស្រុកកោះធំ លោក ហែម គិរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹក ព្រមទាំងសិក្ខាកាមចំនួន១១នាក់។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធបានប្រាប់ឲ្យដឹងថា នេះជាវគ្គដំបូងសម្រាប់ដល់មន្រ្តី និងគ្រូបង្វឹកវិទ្យាល័យទាំង៤ស្រុកកោះធំ គោលបំណងចង់ឲ្យពួកគាត់ ចេះជំនាញហែលទឹកដើម្បីបង្ហាត់បង្រៀនកីឡាករ-កីឡាការិនីក្នុងស្រុកនេះជាចាំបាច់បំផុតដោយសារយើង មានអាងហែលទឹកស្រាប់បើកហ្វឹកហាត់ស្រាប់ ដូច្នេះតាមផែនការមេរបស់សហព័ន្ធជំរុញ និងពង្រីកកីឡាករ-កីឡាការិនីឲ្យមានគ្រប់ទាំង២៥រាជធានីខេត្តក្រុង។ 

លោកបានបន្តថា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក និងជាប្រធានក្រុមការងារថ្នាក់ជាតចុះជួយស្រុកកោះធំលោកមានគោលបំណងចង់មានគ្រូ និងកីឡាករ-កីឡាការិនីជម្រើសជាតិចេញពីស្រុកកោះធំនាពេលខាងមុខនេះ។ ទើបលោកប្រធានដើម្បីជំរុញ លើកទឹកចិត្ត និងបំផុសចលនា យុវជន យុវនារី សិស្សានុសិស្សក្នុងវិទ្យាល័យទាំង៤នៃស្រុកកោះធំឲ្យចូលរួមក្នុងវិស័យកីឡា ដើម្បីលើកកម្ពស់សុខភាព ក៏ដូចជាស្វែងរកកីឡាករដែលមានសមត្ថភាពខ្ពស់អាចត្រៀមចូលរួម ប្រកួតក្នុងព្រឹត្តិការណ៍កីឡាថ្នាក់ជាតិ និងអន្តរជាតិ។

លោក អេង មោក្ខ បានមានប្រសាសន៍ថា ពីដើមកីឡដ្ឋានស្រុកកោះធំនេះជាដីលិចទឹក ប៉ុន្តែតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ទាក់ទងនឹងវិស័យកីឡា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រាជរដ្ឋាភិបាលបានសាងសង់កន្លែង បាល់ទាត់ បាល់បោះ បាល់ទះ ជាពិសេសអាងហែលទឹក

ខ្នាតអន្តរជាតិ ដែលអាចហ្វឹកហាត់ កីឡាករ-កីឡាការិនីដើម្បីត្រៀមខ្លួនចូលរួមប្រកួតកីឡាSEA GAMES ឆ្នាំ២០២៣ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕ដោយ៖លី ភីលីព

Most Popular

To Top