ផ្សេងៗ

បណ្តាប្រទេស លោកខាងលិច នាំគ្នាចាប់ផ្តើមសម្ព័ន្ធ ដើម្បីប្រឆាំងចិន

បរទេស៖ ជាមួយនឹងភាពតានតឹង កំពុងបន្តពុះកញ្ជ្រោល រវាងប្រទេសចិន និងបណ្តាលោកខាងលិច ជុំវិញបញ្ហាសន្តិសុខ និងសេដ្ឋកិច្ច ចុងក្រោយក៏មានការសម្រេចចិត្តបង្កើនការប្រឈមមុខដាក់គ្នា ដល់កម្រិតថ្មីមួយ។ ក្រុមសមាជិកសភាចម្រុះមកពី ៨ ប្រទេសបានផ្តួចផ្តើមសម្ព័ន្ធភាព អន្តរសភាថ្មីមួយក្នុងគោលបំណង ដើម្បីប្រជែងនូវអ្វីដែលពួកគេប្រកែកវែកញែក គឺការគំរាមកំហែងដែលបង្កឡើង ដោយឥទ្ធិពលរបស់ចិន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា សម្ព័ន្ធអន្តរសភាស្តីពីប្រទេសចិន ដែលមានអ្នកតំណាងមកពីចក្រភពអង់គ្លេស ជប៉ុន កាណាដា ន័រវេស ស៊ុយអែត អាល្លឺម៉ង់ អូស្ត្រាលី សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានអះអាងថា កិច្ចសហប្រតិបត្តិការអន្តរជាតិរវាងពួកគេ គឺចាំបាច់ដើម្បីប្រយុទ្ធប្រឆាំងនឹងអ្វីដែលសម្ព័ន្ធមិត្តទាំងនោះនិយាយថា គឺជាការគំរាមកំហែងដល់តម្លៃប្រជាធិបតេយ្យដែលបង្ហាញដោយរដ្ឋាភិបាលទីក្រុងប៉េកាំង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមនេះបាននិយាយថា ខ្លួនមានគោលបំណង“ បង្កើតការឆ្លើយតបសមស្របនិងសម្របសម្រួលនិងដើម្បីជួយរៀបចំឱ្យមានការឆ្លើយតបសកម្ម និងយុទ្ធសាស្ត្រលើបញ្ហាដែលទាក់ទងនឹងសាធារណរដ្ឋប្រជាមានិតចិន” ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top