កីឡា

សិក្ខាកាម​​ ទទួល៩០ ភាគរយ នៃវគ្គបណ្តុះបណ្តាល បង្វឹកហែលទឹកកម្រិតមូលដ្ឋានលើកដំបូងនៅស្រុកកោះធំ

ខេត្តកណ្តាល៖ សហព័ន្ធខ្មែរកីឡាហែលទឹក បានសហការជាមួយការិយាល័យ អប់រំ យុវជន និងកីឡាស្រុកកោះធំ ខេត្តកណ្តាល នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ វគ្គបណ្តុះបណ្តាលគ្រូបង្វឹកហែលទឹកកម្រិតមូលដ្ឋាន “Beginner Swimming Coach Clinic” ដល់មន្រ្តី និងគ្រូបង្វឹកមកវិទ្យាល័យ ដែលមានរយៈពេល២ថ្ងៃប្រព្រឹត្តនាអាងហែលទឹកស្រុកកោះធំបានបញ្ចប់ដោយភាពជោគជ័យ។

ក្នុងឳកាសបិទវគ្គជាផ្លូវការ ដោយមានការអញ្ជើញលោក អេង មោក្ខ ប្រធានក្រុមប្រឹក្សាស្រុកកោះធំ លោក ច្រាយ ថុង ប្រធានការិយាល័យ អប់រំ យុវជន និងកីឡាស្រុកកោះធំ លោក ហែម គិរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹក ព្រមទាំងសិក្ខាកាមចំនួន១១នាក់។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធបានប្រាប់ឲ្យដឹងថា សម្រាប់វគ្គបណ្តុះបណ្តាលគ្រូបង្វឹកហែលទឹកកម្រិតមូលដ្ឋាន ដល់មន្រ្តី និងគ្រូបង្វឹកវិទ្យាល័យទាំង៤ ស្រុកកោះធំទទួលបានលទ្ធផលល្អប្រសើរ ក្នុងនិទ្ទេសល្អរហូតដល់៩០ភាគរយ និងនិទ្ទេសមធ្យម ១០ភាគរយ ដោយសារតែសិក្ខាកាមបានយកចិត្តទុកដាក់រៀនសូត្រ។ វគ្គនេះមិនមែនជាវគ្គដំបូងសម្រាប់ស្រុកកោះធំ សហព័ន្ធនឹងបន្តជួយដល់គ្រូឲ្យ ជំនាញហែលទឹកច្បាស់លាស់ ដើម្បីបង្ហាត់បង្រៀនកីឡាករ-កីឡាការិនីក្នុងស្រុកនេះ។

លោកបានបន្តថា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក និងជាប្រធានក្រុមការងារថ្នាក់ជាតចុះជួយស្រុកកោះធំ លោកមានគោលបំណងចង់មានគ្រូ និងកីឡាករ-កីឡាការិនីជម្រើសជាតិចេញពីស្រុកកោះធំ នាពេលខាងមុខនេះ។ ទើបលោកប្រធាន ដើម្បីជំរុញលើកទឹកចិត្ត និងបំផុសចលនា យុវជន យុវនារី សិស្សានុសិស្សក្នុងវិទ្យាល័យទាំង៤ នៃស្រុកកោះធំឲ្យចូលរួមក្នុងវិស័យកីឡា ដើម្បីលើកកម្ពស់សុខភាព ក៏ដូចជាស្វែងរកកីឡាករដែលមានសមត្ថភាពខ្ពស់ អាចត្រៀមចូលរួម ប្រកួតក្នុងព្រឹត្តិការណ៍កីឡាថ្នាក់ជាតិ និងអន្តរជាតិ។
លោក អេង មោក្ខ បានមានប្រសាសន៍ថា ដោយមើលសិក្ខាកាមទទួលនិទ្ទេសល្អរហូតដល់៩០ភាគរយ លោកសុំថ្លែអំណរគុណ ដល់សហព័ន្ធដែលបានចំណាយពេលដល់មកចំណេះដឹង ផ្នែកកីឡាហែលទឹក។ លោកបានស្មើសុំឲ្យសហព័ន្ធពង្រឹងសមត្ថភាព គ្រូទំាងអស់មានជំនាញពិតប្រាដកបង្ហាត់បង្រៀន សិស្សានុសិស្សក្នុងវិទ្យាល័យទាំង៤ នៃស្រុកកោះធំ។ ប៉ុន្តែ តាមរយៈកិច្ចខិតខំប្រឹងប្រែង របស់ទាក់ទងនឹងវិស័យកីឡា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រាជរដ្ឋាភិបាលបានសាងសង់កន្លែង បាល់ទាត់ បាល់បោះ បាល់ទះ ជាពិសេសអាងហែលទឹកខ្នាតអន្តរជាតិ ដែលអាចហ្វឹកហាត់ កីឡាករ-កីឡាការិនីដើម្បីត្រៀមខ្លួនចូលរួមប្រកួតកីឡា SEA GAMES ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕ ដោយ៖លី ភីលីព

Most Popular

To Top