តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ថា មជ្ឈមណ្ឌលតាមដាន គ្រោះរញ្ជួយដីរបស់ប្រទេសអ៊ីរ៉ង់ បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត ៥,៧រ៉ិចទ័រ បានវាយប្រហារមកលើតំបន់ Beiram ក្នុងខេត្ត Fars ដែលជាខេត្តស្ថិតនៅភាគខាងត្បូង ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ ។
គ្រោះរញ្ជួយដីមានជម្រៅ១០ គីឡូម៉ែត្រ តាមការវាយតម្លៃ បឋមឃើញថា មានរង្វាស់២៧.៦២៦ដឺក្រេតាមរយៈទទឹងប៉ែកខាងជើង និងរង្វាស់៥៣.៤៦១ដឺក្រេនៃរយៈបណ្តោយប៉ែកខាងកើត ។ មជ្ឈមណ្ឌលបានបញ្ជាក់ដូច្នេះ ។
គ្រោះរញ្ជួយដីកម្រិត៥,៧រ៉ិចទ័រ ជាការរញ្ជួយលើកទី២ នៅក្នុងតំបន់ដដែល កាលពីថ្ងៃអង្គារ បន្ទាប់ពីមានគ្រោះរញ្ជួយកម្រិត៥,១រ៉ិចត័រ បានកើតឡើងនៅរយៈពេលប្រហែល១ម៉ោងមុន ។
ក្រោយមានការរញ្ជួយដី មិនទាន់មានសេចក្តីរាយការណ៍ ណាមួយបញ្ជាក់អំពីការខូចខាត ឬបាត់បង់មនុស្សនៅឡើយទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា