បរទេស៖ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បាននិយាយប្រាប់ថា សហរដ្ឋអាមេរិកមានការខកចិត្ត ចំពោះទង្វើថ្មីៗរបស់ប្រទេសកូរ៉េខាងជើង ដែលកាត់ផ្តាច់ចំណងទាក់ទងជាមួយកូរ៉េខាងត្បូង និងបានជំរុញប្រទេសកុម្មុយនិស្តឯកោនេះ វិលត្រឡប់មករកចំណងការទូតនិងសហប្រតិបត្តិការវិញ។
យោងតាមសេចក្តីរាយការណ៍ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិកមួយរូបបាននិយាយប្រាប់ថា “សហរដ្ឋអាមេរិកតែងតែគាំទ្រភាពរីកចម្រើនទៅមុខ ក្នុងចំណងមិត្តភាពអន្តរកូរ៉េ ហើយយើងមានការខកចិត្តចំពោះទង្វើថ្មីៗរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ យើងជំរុញសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ឲ្យវិលទៅរកចំណងការទូតនិងសហប្រតិបត្តិការនឹងគ្នាវិញ”។
គួរបញ្ជាក់ថា ចំណងមិត្តភាពអន្តរកូរ៉េ បានធ្លាក់ចុះដុនដាបជាខ្លាំង ស្របពេលដែលកិច្ចពិភាក្សាគ្នាអំពីនុយក្លេអ៊ែ រវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងព្យុងយ៉ាង ត្រូវបានជាប់គាំង ដោយសារតែការខ្វែងគំនិតគ្នា ជុំវិញទំហំនៃការលុបបំបាត់អាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង និងការបន្ធូរបន្ថយទណ្ឌកម្មពីសហរដ្ឋអាមេរិក៕ ប្រែសម្រួល៖ប៉ាង កុង