បរទេស៖ យន្តហោះសហរដ្ឋអាមេរិក និងយន្តហោះ របស់ប្រទេសចិន នៅថ្ងៃអង្គារម្សិលមិញនេះ បានហោះហើរក្នុងតំបន់ ដែនអាកាសរបស់កោះតៃវ៉ាន់ ស្របពេលមានភាពតានតឹង កើនឡើងខ្ពស់ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង នេះបើតាមសេចក្តីរាយការណ៍ ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI។
ចំណែកទីភ្នាក់ងារសារព័ត៌មាន ក្នុងស្រុកតៃវ៉ាន់ ឈ្មោះ Liberty Times បានរាយការណ៍ថា ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បាននិយាយប្រាប់ថា យន្តហោះចម្បាំងចិន Su-30 ជាច្រើនគ្រឿង បានហោះហើរជាបណ្ដោះអាសន្ន នៅក្នុងតំបន់កំណត់ ការពារដែនអាកាសតៃវ៉ាន់ នៅភាគនិរតី។
ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា យោធាតៃវ៉ាន់ បានចេញសេចក្តីប្រកាសព្រមាន ហើយយន្តហោះ កងកម្លាំងទ័ពអាកាស បានហោះឡើងយ៉ាងប្រញាប់ប្រញាល់ ដើម្បីបណ្ដេញយន្តហោះចិន ចេញពីដែនអាកាសរបស់ខ្លួន។ ក្រសួងការពារជាតិតៃវ៉ាន បានបញ្ជាក់ថា “យើងកំពុងតែធ្វើការ គ្រប់គ្រងយ៉ាងពេញលេញ ចំពោះដែនសមុទ្រ និងដែនអាកាស នៅជុំវិញច្រកសមុទ្រតៃវ៉ាន់”៕ ប្រែសម្រួល៖ប៉ាង កុង