ប្រវត្តិសាស្ត្រ: ថ្ងៃនេះទី២៥ ខែមិថុនា កាលពីឆ្នាំ១៩៥០ កងកម្លាំងប្រដាប់អាវុធ មកពីកូរ៉េខាងជើងកុម្មុយនិស្ត បានវាយលុកចូលកូរ៉េខាងត្បូង ដោយវាបានក្លាយទៅជា ការចាប់ផ្តើមនៃសង្គ្រាមកូរ៉េ។ សហរដ្ឋអាមេរិក ដែលដើរតួក្រោមការឧបត្ថម្ភ របស់អង្គការសហប្រជាជាតិ បានពន្លឿនភ្លាម ដើម្បីការពារកូរ៉េខាងត្បូង និងបានចូលរួមប្រយុទ្ធ នៅក្នុងសង្គ្រាមបង្ហូរឈាម និងតានតឹងនេះ អស់រយៈពេលបីឆ្នាំ។
រំលឹកថាប្រទេសកូរ៉េ ដែលជាអតីតកម្មទឹកដី ដែលស្ថិតនៅក្រោមអាណានិគម របស់ជនជាតិជប៉ុន ប៉ុន្តែក្រោយមកត្រូវបានបែងចែក ជាតំបន់កាន់កាប់ផ្សេងគ្នា បន្ទាប់ពីសង្គ្រាមលោកលើកទី២។
កងកម្លាំងសហរដ្ឋអាមេរិក បានទទួលយកការចុះចាញ់ កងកម្លាំងជប៉ុន នៅកូរ៉េខាងត្បូង ខណៈដែលកងកម្លាំងសូវៀត បានធ្វើដូចគ្នានៅកូរ៉េខាងជើង។ គ្រានោះវាមានស្ថានភាពដូចជា នៅប្រទេសអាល្លឺម៉ង់ដែរ បែងចែកបណ្ដោះអាសន្ន ត្រូវបានធ្វើឡើងដំបូង តែវាក៏បានក្លាយទៅជាអចិន្ដ្រៃយ៍។ សូវៀត បានជួយក្នុងការបង្កើត របបកុម្មុយនិស្តនៅកូរ៉េខាងជើង ខណៈដែលសហរដ្ឋអាមេរិក បានក្លាយជាប្រភពដ៏សំខាន់ នៃការគាំទ្រផ្នែកហិរញ្ញវត្ថុ និងយោធាសម្រាប់កូរ៉េខាងត្បូង។
នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៥០ កងកម្លាំងកូរ៉េខាងជើង បានធ្វើឱ្យមានការភ្ញាក់ផ្អើល ដល់កងទ័ពកូរ៉េខាងត្បូង និងកងកម្លាំងសហរដ្ឋអាមេរិក ដែលឈរជើងនៅក្នុងប្រទេស ដោយបានវាយលុកចូល ឆ្ពោះទៅកាន់រដ្ឋធានីសេអ៊ូល យ៉ាងឆាប់រហ័ស។ សហរដ្ឋអាមេរិកបានឆ្លើយតប ដោយជំរុញឱ្យមានដំណោះស្រាយ តាមរយៈក្រុមប្រឹក្សាសន្តិសុខ របស់ U.N. អំពាវនាវ ឱ្យមានជំនួយយោធាដល់កូរ៉េខាងត្បូង ដើម្បីទប់ទល់ ទៅនឹងសកម្មភាពនេះ។
ដោយមានដំណោះស្រាយនេះ នៅក្នុងដៃស្រាប់ប្រធានាធិបតីអាមេរិក លោកHarry Truman បានបញ្ជូនកងកម្លាំងដីគោកអាកាស និងដែនសមុទ្ររបស់អាមេរិក យ៉ាងឆាប់រហ័សទៅកាន់ប្រទេសកូរ៉េ ដើម្បីរដ្ឋាភិបាលក្រុងសេអ៊ូល។ អន្តរាគមន៍របស់អាមេរិក បានធ្វើឲ្យមានការប្រែប្រួលយ៉ាងខ្លាំង កងកម្លាំងអាមេរិក និងកូរ៉េខាងត្បូង បានវាយបកចូល ទៅក្នុងប្រទេសកូរ៉េខាងជើងវិញ។
ជាលទ្ធផលសង្គ្រាមកូរ៉េ ដែលអូសបន្លាយ អស់រយៈពេល៣ឆ្នាំ គឺជាសង្គ្រាមក្តៅដំបូងបំផុត នៃសម័យសង្រ្គាមត្រជាក់។ កងទ័ពអាមេរិកជាង ៥៥០០០នាក់ ត្រូវបានសម្លាប់នៅក្នុងជម្លោះនេះ៕
ប្រែសម្រួល:ស៊ុនលី