ភ្នំពេញ ៖ លោក ណយ ផាណា អគ្គលេខាធិការ នៃសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានមានប្រសាសន៍ តាមសារអេនិចត្រូវឡិចថា រាល់ការចេញទៅធ្វើការហ្វឹកហាត់ ពង្រឹងសមត្ថភាពបន្ថែម នៅក្រៅប្រទេសគ្រប់កីឡាករ-កីឡាការិនីទំាំងអស់ ត្រូវតែឆ្លងកាត់ការធ្វើតេស្តិ៍ ជាដាច់ខាត ដើម្បីឲ្យដឹង ពីកម្រិតពួកគេ។
លោកអគ្គលេខាធិការបានបន្តថា សហព័ន្ធបានដាក់គោល ដៅបញ្ជូនកីឡាករ កីឡាការិនីថ្នាលទៅហ្វឹកហាត់ នៅប្រទេសចិនរយៈពេលយូរបំផុត ដើម្បីត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ កីឡាករ-កីឡាការនីថ្នាល់ចំនួន១០រូប លោកត្រៀមនឹង បញ្ជូនទៅកាន់ប្រទេសចិន នោះនឹងត្រូវឆ្លងកាត់ការធ្វើតេស្តិ៍ ។
លោកបញ្ជាក់ថា ការធ្វើតេស្តិ៍បានជាប់ប៉ុន្មាន គឺបញ្ជូនទៅប៉ុណ្ណឹង តែសម្រាប់ រូបលោក និងលោកបណ្ឌិតថោង ខុន ដែលជាប្រធានសហព័ន្ធ ចង់ឲ្យពួកគេធ្វើតេស្តិ៍ បានជាប់ទាំងអស់គ្នា ។
លោកពន្យល់ថាបើធ្វើតេស្តិ៍ មិនជាប់ទេយើងក៏មិន អាចបញ្ជូនទៅហាត់បានដែរ ព្រោះមានន័យថា កម្រិតបច្ចេកទេស និងសមត្ថភាពនៅទាបណាស់ហាត់មិនទាន់គេទេ ។
កីឡាករ-កីឡាការិនីថ្នាល់ ដែលផ្អាកការហ្វឹកហាត់ នៅសហព័ន្ធដោយសារកូវីដ ១៩នោះបានវិលមក ហាត់រួ មគ្នាវិញហើយតែអ្វីៗគឺ អនុវត្តន៍តាមការណែនាំ របស់ក្រសួងសុខាភិបាល ។ ការហ្វឹកហាត់នៅផ្ទះបច្ចេកទេស របស់ពួកកេធ្លាក់ចុះ៥០ភាគរយ រីឯកម្លាំងក៏ធ្លាក់ចុះដែរ តែការស្ដារកម្លាំងឡើងវិញ វាងាយស្រួលជាង ស្ដារបច្ចេកទេស ។
លោកបន្ថែមថាពេលនេះលោកកំពុងតែឲ្យពួកគេស្ដារកម្លាំងឡើងវិញជាមួយនឹងការស្ដារបច្ចេកទេស ។
លោកទទួលស្គាល់ថា ប្រភេទកីឡាកាយសម្ព័ន្ធការហ្វឹកហាត់ នៅផ្ទះពិតជាទៅមិនរួចទេ ព្រោះប្រភេទកីឡានេះត្រូវហ្វឹកហាត់ ជាមួយនឹងឧបករណ៍ បើគ្មានឧបករណ៍ ដើម្បីហាត់នោះទេ គឺវានឹងធ្លាក់ទៅឯងបែបនេះ ។
ពាក់ព័ន្ធនឹងការហ្វឹកហាត់ នៅក្រៅប្រទេសគឺសហព័ន្ធ នឹងបញ្ជូនទៅនាខែតុលាខាងមុខនេះ ហើយខែធ្នូពួកគេនឹងវិលមកហាត់ នៅស្រុកខ្មែរវិញ ទាល់តែខែមីនាឆ្នាំ២០២១ ទើបគេចេញទៅម្ដងទៀត ដោយហ្វឹកហាត់រហូតដល់ឆ្នាំ២០២៣ តែម្ដងទើបត្រឡប់មកវិញ ។ពេលនេះពួកគេកំពុងតែហ្វឹកហាត់ នៅក្នុងសាលធំ របស់សហព័ន្ធ ដោយក្រសួងអប់រំយុវជន និង កីឡាជួយឧបត្ថម្ភ ចំពោះការហូបចុក ចំពោះកីឡាករ-កីឡាការិនីឈុតធំក្រសួងអប់រំយុវជន និង កីឡានៅមិនទាន់អនុញ្ញាត ឲ្យប្រមូលផ្ដុំនៅឡើយទេ ហើយនេះជារឿង ដែលលោកព្រួយបារម្ភ ។
ការហ្វឹកហាត់នៅប្រទេសចិន គឺមួយថ្ងៃហាត់រយៈពេល៥ម៉ោង សម្រាប់អ្នកដែលពុំជាប់ការសិក្សា ចំពោះអ្នកជាប់សិក្សាវិញនោះ គឺកាត់បន្ថយការហ្វឹកហាត់ ។ ការហាត់នៅប្រទេសចិន គឺមានលក្ខណៈស្ដង់ដារ ទាំងពេលវេលាហាត់ ទាំងសម្ភារៈហាត់រួមទាំងអាហារូបត្ថម្ភ និងការត្រួតពិនិត្យ លើសុខភាព កម្លាំង ៕
ដោយ៖លី ភីលីព