តូក្យូ៖ រដ្ឋអាជ្ញាជប៉ុនបានជំរុញឲ្យសហរដ្ឋអាមេរិកធ្វើបត្យាប័នជនជាតិអាមេរិក២នាក់ដែលជាប់ចោទពីបទជួយអតីតប្រធានក្រុមហ៊ុន Nissan គឺលោក Carlos Ghosn រត់ភៀសខ្លួនចេញពីប្រទេស ខណៈពេលដែលលោកនៅក្រៅឃុំ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
ព្រះរាជអាជ្ញារង លោកTakahiro Saito បាននិយាយថា ប្រទេសជប៉ុនបានចេញដីកាចាប់ខ្លួនលោក Michael និងលោក Peter Taylor ពីបទជួយរត់គេចពីបទឧក្រិដ្ឋ។ លោក Saito បានបន្តថា ចៅក្រមបានសម្រេចដីកាចាប់ខ្លួន ដែលពួកយើងកំពុងចរចាជាមួយអាជ្ញាធរសហរដ្ឋអាមេរិក ។
លោក Michael Taylorអាយុ ៥៩ ឆ្នាំ ជាអតីត Green Beret និងជំនាញសន្តិសុខឯកជន និងកូនប្រុសរបស់លោកឈ្មោះ Peter Taylor អាយុ២៧ឆ្នាំត្រូវបានចាប់ខ្លួនកាលពីខែមុននៅទីក្រុងហាវ៉ាដ រដ្ឋម៉ាសាឈូសេត។ ពួកគេត្រូវបានព្រះរាជអាជ្ញារបស់ប្រទេសជប៉ុនធ្វើការចោទប្រកាន់ថា បានជួយលោក Ghosn រត់ភៀសខ្លួនទៅកាន់ប្រទេសលីបង់កាលពីខែធ្នូ ដោយបានទទួលការបង់ប្រាក់ធានា ខណៈលោកកំពុងរង់ចាំការជំនុំជម្រះលើបទចោទប្រកាន់ពីបទកេងបន្លំហិរញ្ញវត្ថុ។
ក្រុមរដ្ឋអាជ្ញានិយាយថា លោក Ghosn បានរំលោភច្បាប់ដោយរំលោភលក្ខខណ្ឌធានាដែលតម្រូវឲ្យ លោកស្នាក់នៅក្នុងប្រទេសជប៉ុនភាគច្រើននៅផ្ទះ របស់លោកនៅទីក្រុងតូក្យូ៕ ដោយ៖លី ភីលីព