ផ្សេងៗ

យន្តហោះរុស្ស៊ីត្រូវបាន ស្ទាក់ដំណើរក្នុងចម្ងាយ៨ម៉ាយ ពីដែនអាកាសអាមេរិក ជិតរដ្ឋអាឡាស្កា

បរទេស៖ មន្ត្រីសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់នៅពេលថ្មីៗនេះថា យន្តហោះចម្បាំងសហរដ្ឋអាមេរិក ពីរគ្រឿង បានធ្វើប្រតិបត្តិការស្ទាក់ដំណើរយន្តហោះទម្លាក់គ្រាប់រុស្ស៊ីជា ច្រើនគ្រឿង ដែលកំពុងហោះហើរក្នុង ចម្ងាយ៨ម៉ាយ ពីដែនអាកាសសហរដ្ឋអាមេរិក នៅជិតរដ្ឋអាឡាស្កា នាថ្ងៃពុធសប្ដាហ៍នេះ។

ទីបញ្ជាការការពារដែនអាកាសអាមេរិក ខាងជើង បាននិយាយលើបណ្ដាញសង្គមធ្វីតធ័រដូច្នេះថា “យន្តហោះចម្បាំង F-22 Raptor របស់ទីបញ្ជាការការពារដែន អាកាសអាមេរិកខាងជើង គាំទ្រដោយយន្តហោះ KC-135 Stratotankers និងយន្តហោះប្រព័ន្ធព្រមានដែនអាកាស និងគ្រប់គ្រង E-3 បានធ្វើការស្ទាក់ដំណើរពីរលើក លើក្រុមយន្តហោះទម្លាក់គ្រាប់រុស្ស៊ី ដែលកំពុងហោះចូលមកក្នុង តំបន់កំណត់ការពារដែនអាកាសរដ្ឋអាឡាស្កា កាលពីព្រឹកមិញនេះ”។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI បានឲ្យដឹងថា មន្ត្រីសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា ទីបញ្ជាការការពារដែនអាកាសអាមេរិកខាងជើង កម្រផ្តល់សេចក្តីលម្អិតអំពី ចម្ងាយពីដែនអាកាសសហរដ្ឋអាមេរិកណាស់ នៅពេលដែលសកម្មភាពស្ទាក់ ដំណើរកើតមាន ប៉ុន្តែសកម្មភាពនៅថ្ងៃពុធនេះ ស្ថិតនៅជិតទឹកដីសហរដ្ឋអាមេរិក ខុសពីធម្មតា៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top