បរទេស៖ ក្រសួងការពារជាតិបារាំង បានប្រកាស នៅថ្ងៃសុក្រថា ខ្លួនបានបាញ់មីស៊ីលផ្លោង ឆ្លងមហាសមុទ្រអាត្លង់ទិក។ កាំជ្រួចមីស៊ីល បាញ់ដោយនាវាមុជទឹក M51 ត្រូវបានត្រួតពិនិត្យ ដោយកងកម្លាំងបារាំង និងអាមេរិក ហើយការបាញ់សាកល្បងនេះ ត្រូវបានគេសរសើរថា ជា“ ជោគជ័យ” និង“ ចាំបាច់ចំពោះការទប់ស្កាត់ នុយក្លេអ៊ែររបស់បារាំង” និងអធិបតេយ្យភាព។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រសួងការពារជាតិបារាំងបានប្រកាស នៅថ្ងៃសុក្រទៀតថា នាវាមុជទឹកមីស៊ីលរបស់បារាំង ឈ្មោះ Le Téméraire បានបាញ់មីស៊ីល M51 SLBM ចេញពីឆ្នេរខាងលិច នៃប្រទេសបារាំង ឆ្ពោះទៅសមុទ្រការ៉ាបៀន។
Le Téméraire គឺជានាវាមុជទឹក ចាស់ជាងគេ ទី២ នៃនាវាមុជទឹកមីស៊ីលផ្លោង ប្រភេទ Triomphant ចំនួន ៤ គ្រឿង របស់បារាំង ដែលបានផ្តើមក្នុងឆ្នាំ ១៩៩៨។ នាវាមុជទឹកនីមួយៗ អាចផ្ទុកបានមីស៊ីល SLBMs ១៦គ្រាប់ ។
នាវាមុជទឹកប្រភេទ M51 ផ្ទុកគ្រាប់យ៉ាងច្រើនពី ៦គ្រាប់ ទៅ ១០ គ្រាប់នៃ ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលអាចកំណត់គោលដៅឯករាជ្យ (MIRV) មានន័យថា ទូក Triomphant នីមួយៗអាចមានលទ្ធភាព វាយប្រហារនុយក្លេអ៊ែរ ចំនួន ១៦០ ដាច់ដោយឡែកពីគ្នា៕
ប្រែសម្រួលៈ ណៃ តុលា