បរទេស៖គម្រោងការណ៍ដក១ភាគ៣ នៃទាហានអាមេរិក ដែលបច្ចុប្បន្នកំពុងតែឈរជើងប្រចាំការ នៅក្នុងប្រទេសអាល្លឺម៉ង់ ត្រូវបានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសអាល្លឺម៉ង់ធ្វើការបញ្ជាក់ នៅក្នុងសប្ដាហ៍នេះ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយកាសែត UPI។
នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោកឯកអគ្គរដ្ឋទូទសហរដ្ឋអាមេរិក Richard Grenell បានមានប្រសាសន៍ប្រាប់ថា “អ្នកបង់ពន្ធអាមេរិក មិនមានអារម្មណ៍ចង់ចំណាយច្រើនហួស សម្រាប់កិច្ចការពារលើប្រទេសដទៃនោះទេ”។
លោក Richard Grenell បានបន្ថែមថា “នៅតែមានទាហានចំនួន២៥.០០០នាក់ នៅក្នុងប្រទេសអាល្លឺម៉ង់ នោះមិនមែនជាចំនួនតិចតួចទេ ហើយមិនគួរមានអ្នកភ្ញាក់ផ្អើល ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងដកកងទ័ពនាំយកពួកគេមកប្រទេសវិញនោះទេ”។ ហើយផែនការនោះ មានរួមបញ្ចូលទាំងការកាត់បន្ថយកងទ័ពអាមេរិក នៅក្នុងប្រទេសជប៉ុន និងក្នុងប្រទេសកូរ៉េខាងត្បូង៕