ជប៉ុន៖ក្រុមហ៊ុន Sony បានដាក់បង្ហាញអនាគត នៃវីដេអូហ្គេមជាផ្លូវការជាមួយម៉ាស៊ីន PlayStation 5 និងហ្គេមថ្មីរួមមាន Spider-Man: Miles Morales, Resident Evil Village, និង Gran Turismo 7 រួមទាំង NBA 2K21 នេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
នៅក្នុងបទបង្ហាញ វីដេអូថ្មីមួយដែលមាន ចំណងជើងថា“ អនាគតនៃហ្គេម” ក្រុមហ៊ុន Sonyបាននិយាយថា ម៉ាស៊ីនPlayStation 5 នឹងមាន២ម៉ូដែល។ម៉ូដែលមួយនឹងរួមបញ្ចូលទាំងឌីសស្តង់ដារមួយ ខណៈមានជម្រើសទី ២ ហៅថា ‘PlayStation 5 ឌីជីថលឌីហ្សាញ’ នឹងខ្វះដ្រាយឌីសហើយទំនងជាលេងតែហ្គេម ដែលបានទាញយកតាមអ៊ិនធើណេត ប៉ុន្តែមិនមែនឌីសហ្វីស៊ីខលដែលបានទិញ នៅក្នុងហាងទេ។
ក្រុមហ៊ុន Sony មិនបានប្រកាសពីតម្លៃ ឬកាលបរិច្ឆេទ នៃការដាក់លក់នោះទេប៉ុន្តែបាននិយាយថាខ្លួននៅតែគ្រោងនឹងចេញលក់ PlayStation 5 មុនដំណាច់ឆ្នាំនេះ។
លោក Jim Ryan ប្រធាន និងជានាយកប្រតិបត្តិផ្នែកកំសាន្តរបស់ Sony និយាយថា ថ្ងៃនេះជាថ្ងៃដែលយើងទន្ទឹងរង់ចាំអស់រយៈពេល ជាច្រើនឆ្នាំដែលយើងនឹង បង្ហាញអ្នកអំពីហ្គេមរបស់យើងថា PlayStation 5 គឺជាការផ្លាស់ប្តូរជំនាន់ ដ៏ធំបំផុតដែលឧស្សាហកម្មរបស់យើងបានឃើញ៕