ភ្នំពេញ៖លោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងលោក ស៊ួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងអនុប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកនាល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ បានអញ្ជើញចូលរួមការប្រជុំពិភាក្សាការងារកិច្ចព្រមព្រៀងគ្រប់គ្រង និងការបង្កើតគណៈកម្មការ គ្រប់គ្រងការប្រើប្រាស់អាងហែលទឹកនៃពហុកីឡដ្ឋានជាតិ។
លោក ស៊ួង ហេង តំណាងឲ្យប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក និងទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស៊ុន ចាន់ថុល បានមានប្រសាសន៍ថា លោកប្រធានស្នើសុំឲ្យក្រសួងអប់រំ យុវជន និងកីឡាត្រូវរកដៃគូឯកជនមកគ្រប់គ្រងអាងហែលទឹកនៃពហុកីឡដ្ឋានជាតិ ប៉ុន្តែខាងបច្ចេកទេសត្រូវឲ្យខាងសហព័ន្ធអ្នកទទួលខុសត្រូវ។ លោកបន្តថា ចំពោះប្រការទី១០ដែលមានន័យថា “មិនអនុញ្ញាតឲ្យមានការស្នាក់នៅ និងលក់ដូរភាពឯកជន ដូច្នេះលោកសុំជួបពិភាក្សាលោកប្រធាន ពីព្រោះកីឡាករ-កីឡាការិនី និងអ្នកហែលទឹកសុខភាពត្រូវការអាហារសម្រន គួរតែមានការលក់ដូរចំណីអាហារស្រាល។
លោក ស សុខា ក៏បានមានប្រសាសន៍ថា ការបង្កើតគណៈកម្មការាគ្រប់គ្រងការប្រើប្រាស់អាងហែលទឹកនៃពហុកីឡដ្ឋានជាតិធ្វើឡើដើម្បីឲ្យមានភាពងាយស្រួល ក្នុងការគ្រប់គ្រង ហើយក្រសួងក៏បានធ្វើជាមួយសហព័ន្ធកីឡាជាតិជាច្រើនមកហើយ។ ក្រសួងមិនចង់បានប្រាក់ចំណូល ពីអាងហែលទឹកឡើយង តែសុំឲ្យសហព័ន្ធខ្មែរកីឡាហែលទឹក ត្រូវធ្វើរបាយការណ៍ឲ្យច្បាស់ពីចំណូល និងចំណាយ៕ដោយ៖លី ភីលីព