បរទេស ៖ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ បានបង្ហាញនូវការសោកស្តាយ និងបានកោះ អញ្ជើញឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅកូរ៉េខាងត្បូង ជុំវិញការលុបព័ត៌មាន ស្តីពីជនជាតិកូរ៉េ ដែលធ្វើពលកម្ម ដោយបង្ខំ ក្នុងសម័យសង្គ្រាម នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០។
ចំណែកកាសែតកូរ៉េខាងត្បូង Money Today បានរាយការណ៍ថា មន្ត្រីនាំពាក្យក្រសួងការបរទេស កូរ៉េខាងត្បូង លោក Kim In-cheol បាននិយាយ នៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងត្បូងជំទាស់ប្រឆាំង នឹងការលុបចោលបញ្ហាពលកម្ម សម័យសង្គ្រាម និងការកេងយកប្រយោជន៍ ធ្វើឡើងដោយអាជ្ញាធរជប៉ុន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងកូរ៉េខាងត្បូងបាននិយាយដូច្នេះថា “រដ្ឋាភិបាលកូរ៉េខាងត្បូង តវ៉ាយ៉ាងខ្លាំងក្លាចំពោះខ្លឹមសារ នៃការតាំងពិព័រណ៍ ដែលបានផ្សព្វផ្សាយ ជាសាធារណៈ នៅមជ្ឈមណ្ឌលព័ត៌មាន បេតិកភណ្ឌឧស្សាហកម្ម ក្នុងប្រទេស ជប៉ុន នាថ្ងៃចន្ទនេះ ដែលមិនគោរព តាមអនុសាសន៍ណែនាំ របស់គណៈកម្មាធិការអង្គការ បេតិភ័ណ្ឌពិភពលោក និងវិធានការតាមដាន ដែលជប៉ុនបានសន្យា បន្ទាប់ពីចុះបញ្ជីបរិវេណអគារ ឧស្សាហកម្មដ៏ទំនើប សម័យមុន របស់ជប៉ុន ជាមួយគណៈកម្មាធិការ នៅក្នុងខែកក្ដដា ឆ្នាំ២០១៥” ៕ប្រែសម្រួល៖ប៉ាង កុង