បរទេស ៖ ក្រសួងការពារជាតិ របស់ប្រទេសតួកគី តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ឲ្យដឹង នៅថ្ងៃចន្ទនេះថា យន្តហោះចម្បាំងរបស់ប្រទេសតួកគី បានវាយប្រហារ គោលដៅ ពួកឧទ្ទាមឃឺដជាច្រើនកន្លែង ស្ថិតក្នុងប្រទេសអ៊ីរ៉ាក់ ភាគខាងជើង នៅខាងក្រៅតំបន់ការពារខ្លួន ។
យោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា នៅលើបណ្ដាញសង្គមធ្វីតធ័រ ក្រសួងការពារជាតិតួកគីបានប្រកាសយ៉ាងដូច្នេះថា “ប្រតិបត្តិការ “ក្រញាំឥន្ទ្រីយ៍ នៅពេលថ្មីៗ នេះបានចាប់ផ្តើម ហើយយន្តហោះរបស់យើង កំពុងតែវាយប្រហារយ៉ាង ខ្លាំងក្លាលើពួកភេរវករ”។
ក្រសួងតួកគីនោះ បាននិយាយបន្តទៀតថា ការវាយប្រហារនេះ គឺត្រូវបានធ្វើឡើង ដើម្បីធានាសន្តិសុខ របស់ប្រជាពលរដ្ឋនិងព្រំដែនខ្លួន ស្របពេលមានការប៉ុនប៉ង កើនឡើងពីពួកបក្សពលករឃឺដ និងភេរវករផ្សេងទៀត ផ្តោតវាយប្រហារប៉ុស្តិ៍ប៉ូលីស និងមូលដ្ឋាន យោធាក្នុងតំបន់៕
ប្រែសម្រួល៖ប៉ាង កុង