ព្រឹត្តិការណ៍

រកឃើញសព ពីឡុតយន្តហោះ ចម្បាំង F-15 ក្រោយជួបគ្រោះថ្នាក់

បរទេស ៖ មន្ត្រីជំនាញសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា សាកសពពីឡុត ដែលបើកយន្តហោះចម្បាំង F-15 ជួបគ្រោះថ្នាក់ធ្លាក់ ចូលសមុទ្រខាងជើង កាលពីថ្ងៃចន្ទ សប្ដាហ៍នេះ ត្រូវបានគេរកឃើញហើយ នេះបើយោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារ សារព័ត៌មាន UPI។

កងយន្តហោះចម្បាំងទ័ព អាកាសអាមេរិកលេខ៤៨ ដែលស្ថិតនៅមូលដ្ឋាន កងទ័ពអាកាសអាមេរិក Lakenheath នាប្រទេសអង់គ្លេស បាននិយាយក្នុង សេចក្តីថ្លែងការណ៍មួយថា យន្តហោះចម្បំាង F-15C Eagle នោះ បានជួបគ្រោះថ្នាក់ក្នុងអំឡុង ពេលបំពេញបេសកកម្ម ហ្វឹកហាត់កាលពីព្រឹកថ្ងៃចន្ទ ហើយមន្ត្រីយោធា បាននិយាយយ៉ាងដូច្នេះថា បើទោះជាយន្តហោះ F-15 អាចផ្ទុកបានពីឡុតពីរនាក់ ប៉ុន្តែយន្តហោះ ដែលមានគ្រោះថ្នាក់កាលពីថ្ងៃចន្ទនោះ មានផ្ទុកពីឡុត តែមួយនាក់ប៉ុណ្ណោះ។

តាមសេចក្តីរាយការណ៍ ក្រុមអ្នកស្វែងរកសង្គ្រោះ មកពីទីភ្នាក់ងារការពារដែន សមុទ្រនិងតំបន់ឆ្នេរ របស់ប្រទេសអង់គ្លេស ត្រូវបានបញ្ជូនទៅកាន់កន្លែង ធ្លាក់យន្តហោះ នៅសមុទ្រខាងជើង ដែលមានចម្ងាយប្រហែល៨៥ម៉ាយ ពីឆកសមុទ្រ headland នៅតំបន់ឆ្នេរ Yorkshire ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top