បរទេស៖ លោក He Xiangjian មហាសេដ្ឋី និងជាស្ថាបនិក នៃក្រុមហ៊ុន Midea Group ដែលជាក្រុមហ៊ុន ផលិតឧបករណ៍ប្រើប្រាស់ ក្នុងផ្ទះធំជាងគេបំផុត នៅលើពិភពលោក ត្រូវបានប៉ូលិសជួយសង្គ្រោះ បន្ទាប់ពីត្រូវបានចាប់ជាចំណាប់ខ្មាំង នៅក្នុងផ្ទះរបស់គាត់ ដោយក្រុមចោរ ដែលត្រូវបានអះអាងថា ប្រដាប់ដោយគ្រឿងផ្ទុះ និងអាវុធ។ នេះបើតាមការផ្សាយ របស់សារព័ត៌មាន Bloomberg។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ការប៉ុនប៉ងចាប់ជំរិតនេះ បានបរាជ័យប ន្ទាប់ពីកូនប្រុសរបស់គាត់ បានរត់គេចខ្លួន ហើយបានហែលឆ្លង កាត់ទន្លេក្បែរនោះ ដើម្បីជូនដំណឹងដល់ប៉ូលិស។
ប៉ូលីសនៅក្នុងទីក្រុង Foshan នៅភាគខាងត្បូងខេត្ត Guangdong បាននិយាយថា ពួកគេ ត្រូវបានគេជូនដំណឹង អំពីការសម្រុក ទៅក្នុងផ្ទះឯកជនមួយ នៅម៉ោង ៥.៣០ នាទីល្ងាច កាលពីថ្ងៃអាទិត្យ ហើយជីវិតរបស់ម្ចាស់ផ្ទះ កំពុងស្ថិតនៅក្រោមការគំរាមកំហែង។
យោងតាម សេចក្តីថ្លែងការណ៍របស់ប៉ូលិស បានអោយដឹងថា ជនសង្ស័យចំនួន ៥ នាក់ ត្រូវបានចាប់ខ្លួន នៅវេលាម៉ោង ៥ និង ០០ នាទីព្រឹកថ្ងៃច័ន្ទ ហើយគ្មាននរណាម្នាក់រងរបួសឡើយ។ បើយោងតាមសារព័ត៌មាន Sky News មនុស្សជាច្រើននៅក្នុងតំបន់ បាននិយាយថា ប៉ូលិសបានបិទទ្វារសហគមន៍ទាំងមូល ចាប់តាំងពីរសៀលថ្ងៃអាទិត្យ រហូតដល់ព្រឹកថ្ងៃច័ន្ទ។
និយោជិករបស់ Midea នៅទីក្រុង Foshan ក៏ត្រូវបានគេ ប្រាប់មិនឱ្យចូលធ្វើការនៅថ្ងៃច័ន្ទ ខណៈដែលការវាយតម្លៃហានិភ័យ ត្រូវបានអនុវត្ត។
ក្រុមហ៊ុន Midea បានចេញសេចក្តីថ្លែងការណ៍មួយ នៅលើទំព័រ Weibo ដែលជាគេហទំព័រ Twitter របស់ប្រទេសចិន ថ្លែងអំណរគុណដល់ប៉ូលីស ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន បានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា ករណីនេះ កំពុងត្រូវបានស៊ើបអង្កេតដោយប៉ូលិស៕ ប្រែសម្រួលៈ ណៃ តុលា