អាមេរិក ៖ របាយការណ៍ថ្មីមួយ បានបង្ហាញថា រដ្ឋាភិបាល សហរដ្ឋអាមេរិក កំពុងប្រើប្រាស់ Google និងគេហទំព័រប្រព័ន្ធផ្សព្វផ្សាយ សង្គមដូចជាFacebook ជាឧបករណ៍ តាមដានដ៏ធំមួយ ខណៈដែលការស្នើសុំទិន្នន័យ របស់អ្នកប្រើប្រាស់ បានកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេលមួយទសវត្សរ៍ កន្លងមកនេះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ProtonMail ជាក្រុមហ៊ុនអ៊ីម៉ែលអ៊ីនគ្រីប បានរកឃើញថា សំណូមពររបស់ Google កើនឡើង ៥១០ ភាគរយចាប់តាំងពីឆ្នាំ ២០១០ ហើយសំណើទៅ Facebook បានកើនឡើង ៣៦៣ ភាគរយចាប់តាំងពីឆ្នាំ ២០១៣ ។ ក្រុមនេះក៏បានកត់សម្គាល់ថា គ្រាន់តែក្នុងឆ្នាំ២០១៩ Google ទទួលបានទិន្នន័យ អ្នកប្រើប្រាស់ចំនួន ១៥៧,៤៣៥នាក់ នៅទូទាំងពិភពលោក ចំណែក Facebook ទទួលបាន ២៦៩,៤៩២ ។
ច្បាប់សេរីភាព ដែលត្រូវបានអនុម័ត ដោយសភាក្នុងឆ្នាំ ២០១៥ បានរារាំងសមត្ថភាព របស់ទីភ្នាក់ងារសន្តិសុខជាតិ ក្នុងការប្រមូលទិន្នន័យ អ្នកប្រើប្រាស់យ៉ាងច្រើន សន្ធឹកសន្ធាប់ ទោះបីជាយ៉ាងណាក៏ដោយ វាមិនបញ្ឈប់ក្រុមហ៊ុនឯកជន ពីការធ្វើកិច្ចការកខ្វក់ របស់ទីភ្នាក់ងារនោះទេ៕ ដោយ៖លី ភីលីព