ព្រឹត្តិការណ៍

ក្រសួងការបរទេស អាមេរិក អនុម័តលក់មីស៊ីល Sidewinder ឲ្យកាណាដា

បរទេស ៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានប្រកាសថា ខ្លួនទើបបានអនុម័ត លើការលក់មីស៊ីល យុទ្ធសាស្ត្រ Sidewinder AIM-9X Block II ចំនួន៥០គ្រាប់ និងសម្ភារៈពាក់ព័ន្ធ មានទំហំ ជាទឹកប្រាក់៨៦២,៣ដុល្លារ ឲ្យទៅរដ្ឋាភិបាលកាណាដា ។

សេចក្តីថ្លែងការណ៍ ពីទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខការពារជាតិ បាននិយាយថា “ការលក់ដែលស្នើឡើងនេះ នឹងគាំទ្រគោលនយោបាយ បរទេស និងគោលដៅសន្តិសុខជាតិ របស់សហរដ្ឋអាមេរិក ដោយជួយធ្វើឲ្យប្រសើរឡើង នូវសមត្ថភាពយោធា របស់ប្រទេសកាណាដា ជាសម្ពន្ធមិត្តណាតូមួយ ដែលជាកម្លាំងដ៏សំខាន់ សម្រាប់ធានាស្ថិរភាព នយោបាយនិងភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច ហើយជាអ្នករួមចំណែក ក្នុងប្រតិបត្តិការយោធា រក្សាសន្តិភាពនិងមនុស្សធម៌ នៅជុំវិញពិភពលោក” ។

យោងតាមទីភ្នាក់ងារ សហប្រតិបត្តិការ សន្តិសុខការពារជាតិ រដ្ឋាភិបាលកាណាដា បានស្នើទិញមីស៊ីល Sidewinder AIM-9X Block II ចំនួន៥០គ្រាប់ និងសម្ភារៈ ពាក់ព័ន្ធផ្សេងៗ ក៏ដូចជាការគាំទ្រផ្នែកយុទ្ធសាស្ត្រ និងការដឹកជញ្ជូន ការធ្វើទំនើបកម្មប្រព័ន្ធហ្វឹកហាត់ប្រយុទ្ធ ដើម្បីធានាថា គ្រូបង្វឹកលើការហោះហើរ នៅតែតាមទាន់បច្ចេកវិទ្យាថ្មី និងការអភិវឌ្ឍកម្មវិធីសូហ្វវែ ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top