បរទេស៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី នៅថ្ងៃពុធនេះ បាននិយាយប្រាប់ថា ប្រទេសរបស់លោក នឹងការពារយ៉ាងពេញទំហឹង នូវទឹកដីរបស់ខ្លួន ក្រោយពេលពីរថ្ងៃបន្ទាប់ពីកងទ័ពឥណ្ឌា ២០នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍ប៉ះទង្គិតគ្នាមួយ ជាមួយកងទ័ពចិន នៅជួរភ្នំហិមាល័យ។
យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីឥណ្ឌារូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំចង់ធានាថា ប្រទេសដែលកងទ័ពយើងលះបង់ជីវិតបូជាជូននោះ នឹងមិនឥតប្រយោជន៍នោះឡើយ ហើយសម្រាប់យើង សាមគ្គីភាពនិងអធិបតេយ្យភាពរបស់ប្រទេស គឺមានសារៈសំខាន់បំផុត”។
គួរបញ្ជាក់ថា លោក ណារ៉េនដ្រា ម៉ូឌី បានធ្វើការប្តេជ្ញាយ៉ាងដូច្នេះ ក្នុងខណៈថ្លែងក្នុងអំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីឥណ្ឌាផ្សាយ ផ្ទាល់លើកញ្ចក់ទូរទស្សន៍ ហើយនេះគឺជាការថ្លែងជាសាធារណៈដំបូងបំផុត របស់លោក ចាប់តាំងពីមានការប៉ះទង្គិចគ្នា កាលពីល្ងាចថ្ងៃចន្ទ នៅតាមព្រំដែនឥណ្ឌានិងចិន ស្ថិតនៅជួរភ្នំហិមាល័យមក៕ ប្រែសម្រួល៖ប៉ាង កុង


 
													
																							
 
																								
												
												
												 
						 
													 
						 
													 
						 
													 
						 
													 
						