បរទេស៖ សារព័ត៌មានក្នុងស្រុករបស់អ៊ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថា ប្រទេសអ៊ីរ៉ង់ បានធ្វើការបាញ់សាកល្បង នូវមីស៊ីលប្រភេទ Cruise missile របស់ខ្លួន នៅក្នុងសមយុទ្ធយោធាជើងទឹកមួយ នៅក្នុងតំបន់ឈូងសមុទ្រហ្គោហ្វ និងឈូងសមុទ្រឥណ្ឌាខាងជើង។
ការចេញផ្សាយ ដែលត្រូវបានធ្វើឡើង ដោយកាសែតរបស់រដ្ឋ IRNA ដោយបាននិយាយថា ជាលទ្ធផលមីស៊ីលទាំងនោះ បានបាញ់វាយប្រហារទៅចំគោលដៅ ដែលមានចំងាយប្រមាណជា ២៨០គីឡូម៉ែត្រ ហើយប្រភពដដែលបានបន្តទៀតថា មីស៊ីលអាចបន្ថែមចំងាយ លើសនេះបានផង ប៉ុន្តែមិនបាន ផ្តល់ព័ត៌មានលំអិតលើសនេះឡើយ។
ការបាញ់តេស្តនេះ បានកើតឡើងនៅចំពេល ដែលមានភាពតានតឹង រវាងប្រទេសអ៊ិរ៉ង់និងអាមេរិក នៅក្នុងតំបន់ឈូងសមុទ្រពែរ្ស។ កាលពីខែមេសាកន្លងមក អាមេរិកបានចោទប្រកាន់ថា អ៊ីរ៉ង់បានធ្វើសកម្មភាពដ៏គ្រោះថ្នាក់ ដោយការបញ្ជានាវារបស់ខ្លួន ឲ្យធ្វើដំណើរមកក្បែរទៅនឹងនាវា របស់អាមេរិកបំផុត៕
ប្រែសម្រួល៖ស៊ុនលី