កីឡា

លោក ជា ប៊ុនហេង ៖ ការប្រកួតនេះជួយជំរុញ និងដាស់ស្មារតីទឹកចិត្ត អត្តពលិក ឲ្យមានភាពស្វាហាប់ និងប្រកួតប្រជែងខ្ពស់

ភ្នំពេញ ៖ ព្រឹត្តិការណ៍ការាប្រកួតកីឡាសូហ្វតិន្នីសជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី៤ ឆ្នាំ២០២០ ត្រូវបានបិទបញ្ចប់ការប្រកួត ជាផ្លូវការដោយជោគជ័យ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ នៅទីលានសូហ្វតិន្នីសកម្ពុជា ក្នុងពហុកីឡដ្ឋានជាតិពិធីបិទ ក្នុងឳកាសនោះដោយមានការអញ្ជើញ ចូលរួមពីសំណាក់ លោកបណ្ឌិត ជា ប៊ុនហេង ទីប្រឹក្សាផ្ទាល់សម្តេចក្រឡាហោម ស ខេង ប្រធានអង្គភាពកីឡានគរបាលជាតិ និងជាអនុប្រធានទី១ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ។

លោក ជា សែនវិស្សុត បានររាយការណ៍ថា ការប្រកួតកីឡាសូហ្វតិន្នីស ជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី ៤ និងប្រកួតដណ្តើមពានរង្វាន់ សម្តេចក្រឡាហោម ស ខេង លើកទី ៧ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២០មានសមាគមចូលរួមប្រកួតចំនួន៦រួមមាន សមាគមកីឡាសូហ្វតិន្នីសក្រសួងមហាផ្ទៃ សមាគមកីឡាសូហ្វតិន្និសអគ្គ.នគបាលជាតិ សមាគមកីឡាសូហ្វតិន្នីសក្រសួងការពារជាតិ សមាគមកីឡាសូហ្វតិន្នីសខេត្តកំពង់ស្ពឺ សមាគមកីឡាសូហ្វតិន្និសខេត្តកំពង់ឆ្នាំង និង សមាគមកីឡាសូហ្វតិន្នីសអង្គការមិត្តសម្លាញ់។

សរុបប្រតិភូ គ្រូបង្វឹក កីឡាករ-ការីនីទាំងអស់ចំនួន ៦៩នាក់ ក្នុងនោះប្រតិភូ-គ្រូបង្វឹកចំនួន ០៧នាក់ កីឡាករចំនួន ៣៨នាក់ កីឡាការិនីចំនួន ២៤នាក់ ដែលមានវិញ្ញាសាប្រកួតចំនួន ៧វិញ្ញាសា ៖ ឯកត្តជនបុរស ឯកត្តជននារី វាយគូបុរស វាយគូនារី វាយតូចម្រុះបុរស-នារី ឯកត្តជន យុវជនក្រោម ១៨ឆ្នាំ និងវាយគូបុរស អក្សរ ខ។

លោក ជា ប៊ុនហេង បានមានប្រសាសន៍ថា ក្នុងនាម សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា សូមប្តេជ្ញាចិត្តថានឹងបូជានូវកម្លាំងកាយចិត្ត ខិតខំប្រឹងប្រែងពង្រឹងនូវវិស័យ កីឡាមួយនេះ ឲ្យកាន់តែមានប្រជាប្រិយភាព ភាពល្បីល្បាញ និងមានមោទនភាពជាតិ ទាំងនៅថ្នាក់ជាតិ និងលើឆាកអន្តរជាតិ ។ ជាពិសេសជួយជំរុញ និងដាស់ស្មារតីទឹកចិត្ត កីឡាករ-ការិនីឲ្យមានភាពស្វាហាប់ និងប្រកួតប្រជែងខ្ពស់ ដើម្បីប្រណាំងប្រជែង ក្នុងការដណ្តើម យកជ័យលាភី ជូនជាតិមាតុភូមិ ដោយទទួលបានការ អនុញ្ញាជាគោលការណ៍ពី សម្តេចក្រឡាហោម ប្រធានសហព័ន្ធ និងទទួលបានថវិកាគាំទ្រពី ក្រសួងអប់រំ យុវជន និងកីឡា និងសហការឧបត្ថម្ភ ដោយក្រុមហ៊ុនឯកជន ៕

Most Popular

To Top