បរទេស ៖ ដំណើរទស្សនកិច្ច សេតវិមាន ដែលគ្រោងធ្វើឡើង ដោយប្រធានាធិបតី ប៉ូឡូញ លោក Andrzej Duda នៅក្នុងសប្ដាហ៍នេះ ត្រូវបានគេរំពឹងថា នឹងនាំយកកងទ័ព សហរដ្ឋអាមេរិក ទៅកាន់ប្រទេសប៉ូឡូញ ក៏ដូចជាការលក់ យន្តហោះ សហរដ្ឋអាមេរិក ឲ្យបន្ថែមទៀត។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា កងទ័ពសហរដ្ឋអាមេរិក រហូតដល់ទៅ២.០០០នាក់ ដែលដាក់ពង្រាយជាច្រើន នៅបន្ទាយ Campbell ប្រទេសអាល្លឺម៉ង់នោះ នឹងត្រូវបញ្ជូនផ្ទេរ ទៅប្រទេសប៉ូឡូញ។
គួរបញ្ជាក់ថា គម្រោងបង្កើនពង្រឹក កងទ័ពសហរដ្ឋអាមេរិក នៅក្នុងប្រទេសប៉ូឡូញ ត្រូវបានលើកយកមកពិភាក្សាគ្នា នៅក្នុងឆ្នាំ២០១៩ នៅពេល ដែលប្រធានាធិបតីប៉ូឡូញ និងលោកដូណាល់ ត្រាំ បានជួបគ្នាជាចុងក្រោយ នៅថ្ងៃទី១២ ខែមិថុនា ហើយមន្ត្រីសហរដ្ឋអាមេរិក បានធ្វើការបញ្ជាក់សេចក្តីប្រកាស ពីមុនរបស់លោក ត្រាំ ថា កងទ័ពសហរដ្ឋអាមេរិកមួយចំនួន នឹងត្រូវដកចេញពីប្រទេសអាល្លឺម៉ង់ ៕
ប្រែសម្រួល៖ប៉ាង កុង