ម៉ិកស៊ីកូ ស៊ីធី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ថា ក្រុមសម្របសម្រួល ការពារជនស៊ីវិលជាតិ (NCPC)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិតធ្ងន់ ៧,៥រ៉ិចទ័រ បានវាយប្រហារមកលើរដ្ឋ ស្ថិតនៅភាគខាងត្បូង នៃប្រទេសម៉ិកស៊ិក គឺរដ្ឋ Oaxaca កាលពីថ្ងៃអង្គារ បណ្តាលឲ្យស្លាប់មនុស្ស ចំនួន៤នាក់ និង៤នាក់ផ្សេងទៀតបានរងរបួស ។
ក្រុមសេវាកម្មតាមដាន គ្រោះរញ្ជួយដីជាតិ (SSN)បានឲ្យដឹងនៅលើបណ្តាញសង្គម Twitter ថា គ្រោះរញ្ជួយដី បានកើតឡើង នៅម៉ោង១០និង២៩នាទីព្រឹក ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១៦និង២៩នាទីម៉ោងសកល ដែលស្ថិតនៅទីតាំងចម្ងាយ ២៣គីឡូម៉ែត្រ នៃភាគខាងត្បូង La Crucecita ដែលជាភូមិមួយ ឆ្នេរសមុទ្រប៉ាស៊ីហ្វិក នៅភាគខាងត្បូងរដ្ឋ Oaxaca ។
បុរស២នាក់ និងស្ត្រីម្នាក់បានស្លាប់ នៅក្នុងឧប្បត្តិហេតុផ្សេងៗគ្នា ដែលលទ្ធផល គឺបានបង្កការខូចខាតផ្នែកដំបូល និងជញ្ជាំង ។
អ្នករងគ្រោះចំនួន៤នាក់ គឺជាបុគ្គលិកភេទប្រុសម្នាក់ ដែលបម្រើការងារ នៅក្រុមហ៊ុនប្រេង Pemex ដែលជាអ្នកធ្លាក់ មកពីលើអគារ នៅក្នុងអំឡុងពេលរញ្ជួយដី ហើយបានស្លាប់ ដោយសាររងរបួសនៅក្នុងមន្ទីរពេទ្យ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា