ញូដេលី៖ ប្រទេសនេប៉ាល់ បានរួបរួមជាមួយប្រទេសចិន ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខណៈដែលទំនាក់ទំនងការទូតរបស់ខ្លួន ជាមួយប្រទេសឥណ្ឌា បានធ្លាក់ចុះដល់កំរិតថ្មីមួយ ជាមួយនឹងសភារបស់ប្រទេសនេះ ដែលបានអនុម័ត នូវការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ ដើម្បីគូសផែនទីជាតិឡើងវិញ។ ប្រទេសចិនបានបង្កើនវត្តមាន និងការវិនិយោគរបស់ខ្លួន នៅក្នុងប្រទេសហិម៉ាឡៃយ៉ា ចាប់តាំងពីមានការរញ្ជួយដី ដ៏ធំនៅឆ្នាំ ២០១៥ ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ផ្នែកអង្កេត នៃនាយកដ្ឋានកសិកម្មនេប៉ាល់ បានព្រមានដល់រដ្ឋាភិបាលថា ប្រទេសចិន បានពង្រីកទឹកដីរបស់ខ្លួន ចូលទៅក្នុងតំបន់ភាគខាងជើង របស់ប្រទេស ដោយផ្លាស់ប្តូរទិសដៅនៃទន្លេ នៅក្នុងតំបន់ បន្ទាប់ពីទីក្រុងប៉េកាំង បានអនុវត្តគម្រោងអភិវឌ្ឍន៍ផ្លូវធំ ៗ នៅក្នុងតំបន់ស្វយ័តទីបេ។
របាយការណ៍ ដែលបានដកស្រង់សម្តី ដោយសារព័ត៌មាន Hindustan Times បានព្រមានថា ប្រទេសចិន អាចកាន់កាប់ទឹកដីបន្ថែមទៀត នៅភាគខាងជើង ប្រសិនបើទន្លេនៅតែបន្តផ្លាស់ប្តូរ ហើយបានចោទប្រកាន់ថា រដ្ឋាភិបាលទីក្រុងប៉េកាំង បានរំលោភយកទឹកដីនេប៉ាល់ នៅតាមស្រុកមួយចំនួន។
ឯកសាររបស់នាយកដ្ឋានអង្កេត របស់ក្រសួងកសិកម្មបាននិយាយថា «មានលទ្ធភាពខ្ពស់ដែលថាយូរ ៗ ទៅប្រទេសចិន អាចនឹងបង្កើត ប៉ុស្តិ៍ប៉ូលិសអង្កេតព្រំដែនរបស់ខ្លួន ដោយប៉ូលិសប្រដាប់អាវុធ នៅក្នុងទឹកដីទាំងនោះ»។
កាលពីខែវិច្ឆិកាឆ្នាំ ២០១៩ មានការតវ៉ាជាច្រើន នៅទីក្រុង Kathmandu ជុំវិញរបាយការណ៍ នៃការរំលោភយកដីរបស់ប្រទេសចិន ហើយក្រុមអ្នកតវ៉ា ក៏បានដុតបំផ្លាញរូបសំណាក របស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ផងដែរ៕ ប្រែសម្រួលៈ ណៃ តុលា