បរទេស៖ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងជើង ទើបបានសម្រេចចិត្តផ្អាកគម្រោងធ្វើសកម្មភាព យោធាប្រឆាំងប្រទេសកូរ៉េខាងត្បូង ស្របពេលមានសេចក្តីរាយការណ៍មួយ បានលើកឡើងថា កងទ័ពកូរ៉េខាងជើង កំពុងតែទម្លាក់ចុះវិញនូវឧបករណ៍បំពងសម្លេង ដែលទើបបានដំឡើងនាពេលថ្មីៗនេះ នៅតាមតំបន់ព្រំដែន។
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើជាអធិបតីភាពកិច្ចប្រជុំតាមវីដេអូខលមួយរបស់គណៈកម្មាធិការយោធាកណ្ដាលរបស់បក្សកាន់អំណាច កាលពីថ្ងៃអង្គារម្សិលមិញនេះ ជាទីដែលសមាជិកធ្វើការវាយតម្លៃស្ថានការណ៍ នៅមុនពេលធ្វើការសម្រេចចិត្តផ្អាកផែនការយោធា។
គួរបញ្ជាក់ថា ភាពតានតឹងនយោបាយរវាងប្រទេសកូរ៉េទាំងពីរ កំពុងតែកើនកម្តៅខ្លាំងឡើង ជុំវិញគោលបំណងប្រឆាំងរបស់ទីក្រុងព្យុងយ៉ាង ចំពោះផែនការធ្វើឡើងដោយក្រុមដឹកនាំដោយជនរត់ចោលប្រទេស នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលបញ្ជូនខិត្តប័ណ្ណឃោសនាទៅក្នុងប្រទេសកូរ៉េខាងជើង៕ប្រែសម្រួល៖ប៉ាង កុង