បរទេស៖រដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសវេណេស៊ុយអេឡា លោក វ្លាឌីមៀរ ប៉ាឌ្រីណូ នៅថ្ងៃពុធម្សិលមិញ បានហៅឧប្បត្តិហេតុមួយ កើតមាននៅសប្ដាហ៍នេះ ដែលមាននាវាទ័ពជើងទឹកអាមេរិកមួយគ្រឿង ធ្វើដំណើរនៅជិត តំបន់ឆ្នេររបស់ប្រទេសវេណេស៊ុយអេឡា ថាជាទង្វបង្កហេតុ។
លោក វ្លាឌីមៀរ ប៉ាឌ្រីណូ នៅក្នុងសុន្ទរកថាថ្លែងលើកញ្ចក់ទូរទស្សន៍មួយ តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ថា “វាជាជ័យជំនះទទេស្អាត” ហើយលោកបានបន្ថែមទៀតថា នាវាកងទ័ពជើងទឹកនោះ បានធ្វើដំណើរចម្ងាយ៣០ម៉ាយ ពីតំបន់ឆ្នេររបស់ប្រទេសវេណេស៊ុយអេឡា។
គួរបញ្ជាក់ថា ទីបញ្ជាការភាគខាងត្បូងរបស់យោធា សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បាននិយាយថា នាវាពិឃាតសមត្ថភាពមីស៊ីល Nitze បានធ្វើប្រតិបត្តិការសេរីភាពនាវាចរណ៍ នៅក្បែរតំបន់ឆ្នេររបស់ ប្រទេសវេណេស៊ុយអេឡា តែនៅខាងក្រៅដែនទឹករបស់ប្រទេសនេះ៕ប្រែសម្រួល៖ប៉ាង កុង