ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង លុបចោលអត្ថបទ ប្រឆាំងកូរ៉េខាងត្បូង ក្រោយផ្អាក ផែនការយោធា

បរទេស ៖ អត្ថបទប្រព័ន្ធផ្សព្វផ្សាយ របស់ប្រទេសកូរ៉េខាងជើង ដែលថ្កោលទោស សកម្មភាពបញ្ជូនខិត្តប័ណ្ណ របស់ជនរត់ ចោលប្រទេស កូរ៉េខាងជើងស្នាក់នៅ ក្នុងប្រទេសកូរ៉េខាងត្បូងនោះ តាមសេចក្តីរាយការណ៍ ទើបត្រូវបានលុបចោលវិញ ពីគេហទំព័ររបស់ទីភ្នាក់ងារ សារផ្សព្វផ្សាយធំៗ ក្រោយមានបញ្ជាពីលោក គីម ជុងអ៊ុន ឲ្យផ្អាកសកម្មភាពយោធា ប្រឆាំងកូរ៉េខាងត្បូង ។

ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ ចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ បានរាយការណ៍ថា អត្ថបទសរុបចំនួន១៣ ដែលរិះគន់សកម្មជននិងរដ្ឋាភិបាល នៃប្រទេសកូរ៉េខាងត្បូង បានចេញផ្សាយនៅលើទីភ្នាក់ងារ សារព័ត៌មាន DPRK Today និង Meari កាលពីព្រឹកថ្ងៃពុធម្សិលមិញនេះ គឺត្រូវបានដកចេញវិញ ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីបោះពុម្ពផ្សាយ។
គួរបញ្ជាក់ថា ប្រទេសកូរ៉េទាំងពីរ បានព្រមព្រៀងគ្នាក្នុងឆ្នាំ២០១៨ ឲ្យបញ្ចប់ការបញ្ជូនចែកចាយ ខិត្តប័ណ្ណឆ្លងព្រំដែន នៅភូមិ Panmunjom ជាភូមិមានជម្លោះស្ថិតនៅតាមព្រំដែន ដែលជាទីចុះហត្ថលេខាលើបទឈប់បាញ់គ្នា បញ្ចប់សង្គ្រាមកូរ៉េក្នុងអំឡុងឆ្នាំ១៩៥០ដល់ឆ្នាំ១៩៥៣ ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top