ទ្រីប៉ូលី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ថា ឧត្តមស្នងការការពារ ជនភៀសខ្លួន នៃអង្គការសហប្រជាជាតិ ហៅកាត់ថា (UNHCR) បានឲ្យដឹង កាលពីថ្ងៃសុក្រថា មានជនអន្តោប្រវេសន៍ខុសច្បាប់ ប្រមាណជាង៥.០០០នាក់ បានត្រូវជួយសង្គ្រោះ នៅឆ្នេរសមុទ្រស្ថិត នៅក្នុងប្រទេសលីប៊ី គិតនៅក្នុងឆ្នាំនេះ ។
UNHCR បានឲ្យដឹងថា “គិតត្រឹមថ្ងៃទី២៦ ខែមិថុនា មានជនភៀសខ្លួន និងអន្តោប្រវេសន៍ ចំនួន៥.០៤៩នាក់ ត្រូវបានចុះក្នុងបញ្ជី ដែលបានជួយសង្គ្រោះពីដែនសមុទ្រ នៅក្នុងឆ្នាំ២០២០នេះ ដោយក្រុមឆ្មាំឆ្នេរសមុទ្រ នៃប្រទេសលីប៊ី និងចុះពីលើទូក នៅក្នុងប្រទេសលីប៊ី” ។
ឧត្តមស្នងការខាងលើបានឲ្យដឹងទៀតថា “បើធ្វើការប្រៀបធៀប ក្នុងអំឡុងពេលដូចគ្នា នៅក្នុងឆ្នាំ២០១៩ គឺមាន៣.៤៥៧នាក់ ដែលបានចុះពីលើទូក នៅក្នុងប្រទេសលីប៊ី” ។
UNHCR ក៏បានឲ្យដឹងថា មានជនភៀសខ្លួនចំនួន៤៨.៨៣៤នាក់ និងអ្នកសុំសិទ្ធិជ្រកកោន នាពេលបច្ចុប្បន្ននេះ បានចុះបញ្ជីជាមួយគណៈកម្មាធិការ ដោយបានបន្ថែមថា មូលនិធិចំនួន៨៤,១លានដុល្លារ ត្រូវការជាចាំបាច់សម្រាប់ សកម្មភាពរបស់គណៈកម្មាធិការ នៅក្នុងឆ្នាំ២០២០នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា