ព័ត៌មានអន្តរជាតិ

អារ៉ាប៊ីសាអូឌីត បង្ខំទូកអ៊ីរ៉ង់ ៣គ្រឿង ឲ្យចេញពីដែនទឹកខ្លួន

បរទេស ៖ មន្ត្រីនាំពាក្យឲ្យកងកម្លាំង ការពារព្រំដែន អារ៉ាប៊ីសាអូឌីតមួយរូប តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ នៅពេលថ្មីៗនេះថា អារ៉ាប៊ីសាអូឌីត បានបង្ខំឲ្យទូកអ៊ីរ៉ង់ ចំនួន៣គ្រឿង ដកថយចេញពីដែនទឹក អារ៉ាប៊ីសាអូឌីត កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីធ្វើការបាញ់ព្រមាន។

ទីភ្នាក់ងារសារព័ត៌មាន SPA បានដកស្រង់ សម្តីមន្ត្រីនាំពាក្យរូបនោះ ដែលបាននិយាយប្រាប់ថា ទូកអ៊ីរ៉ង់ បានបដិសេធមិនព្រមឈប់ ក្រោយពួកវាបានចូលក្នុងដែនទឹក អារ៉ាប៊ីសាអូឌីត បើទោះជាមានការព្រមានម្តងហើយម្តងទៀត ជាហេតុបង្ខំឲ្យអាជ្ញាធរអារ៉ាប៊ីសាអូឌីត បាញ់គ្រាប់ព្រមាន។

ចំណែកប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់វិញ បានដកស្រង់សម្តីមន្ត្រី ក្នុងតំបន់នៅខេត្ត Bushehr លើតំបន់ឈូងសមុទ្រ បាននិយាយថា កងកម្លាំងការពារតំបន់ឆ្នេរអារ៉ាប៊ីសាអូឌីត បានបើកការបាញ់ប្រហារទៅលើអ្នកនេសាទអ៊ីរ៉ង់ ដែលវង្វេងចូល ទៅក្នុងដែនទឹកអារ៉ាប៊ីសាអូឌីត ប៉ុន្តែថា របាយការណ៍បឋមបាន និយាយថា គ្មានអ្នករងរបួសនោះទេ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top