ព័ត៌មានអន្តរជាតិ

ចិនអនុម័ត ច្បាប់សន្តិសុខជាតិ សម្រាប់ហុងកុង

បរទេស៖ នៅក្នុងសកម្មភាពមួយ ដែលគេរំពឹងថា មិនត្រឹមតែធ្វើឲ្យជាប់គាំង ចំណងមិត្តភាព រវាងប្រទេសចិន និងលោកខាងលិចទេ តែក៏នឹងបង្ក ឲ្យមានវិធានការសងសឹកផងនោះ រដ្ឋសភារបស់ប្រទេសចិន នៅថ្ងៃអង្គារនេះ តាមសេចក្តីរាយការណ៍ បានអនុម័តច្បាប់សន្តិសុខជាតិ ដ៏ចម្រូងចម្រាស់មួយ ដែលអ្នករិះគន់និយាយថា នឹងគម្រាមកំហែងដល់ស្វ័យភាព របស់ទីក្រុងហុងកុង និងសេរីភាពរបស់ប្រជាពលរដ្ឋ។

ទីភ្នាក់ងារសារព័ត៌មាន South China Morning Post បានរាយការណ៍ថា ច្បាប់ ដែលដាក់ទោសឧក្រិដ្ឋ ចំពោះការញុះញង់ ការបះបោរ និងអំពើភេរវកម្ម និងការធ្វើការងារ ជាមួយតួអង្គបរទេស ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ របស់សាធារណរដ្ឋប្រជាមានិតចិន នៅទីក្រុងហុងកុងនោះ ត្រូវបានអនុម័តជាឯកច្ឆ័ន្ទ ដោយគណៈកម្មាធិការ អចិន្ត្រៃយ៍របស់រដ្ឋសភា នៅថ្ងៃអង្គារនេះ។

គួរបញ្ជាក់ថា យោងតាមច្បាប់សន្តិសុខថ្មីនេះ តំបន់រដ្ឋបាលពិសេសហុងកុង នឹងទទួលខុសត្រូវ ក្នុងការដាក់ពិន័យបុគ្គលទាំងឡាយណា ដែលប្រព្រឹត្តទង្វើ បង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ ដើម្បីបង្កើតគណៈកម្មាធិការ សន្តិសុខជាតិមួយ ដែលប្រធានវានឹងត្រូវតែងតាំង ដោយរដ្ឋាភិបាលកណ្ដាល និងដើម្បីបង្កើត ការិយាល័យសន្តិសុខជាតិមួយ នៅទីក្រុងហុងកុង៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top