បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋតូកគី ឈ្មោះ Anadolu បានដកស្រង់សម្តី មន្ត្រីនាំពាក្យ មន្ត្រីបញ្ចកោណមួយរូប នៅថ្ងៃពុធនេះថា សហរដ្ឋអាមេរិក នឹងបន្តធ្វើការងារ ជាមួយក្រុមហ៊ុនតួកគី ដែលផលិតផ្នែកខ្លះ នៃយន្តហោះចម្បាំង F-35 រហូតដល់ឆ្នាំ២០២២។
មន្ត្រីនាំពាក្យមន្ទីរបញ្ចកោណ លោកស្រី Jessica Maxwell បានមានប្រសាសន៍ថា ក្រុមហ៊ុនតួកគី នឹងបន្តធ្វើការផលិតបំណែក ចំនួន១៣៩ របស់យន្តហោះចម្បាំង បំបាំងកាយជំនាន់ថ្មី រហូតដល់ឆ្នាំ២០២២ ហើយលោកស្រីបន្តថា “ដៃគូឧស្សាហកម្មរបស់យើង នឹងបន្តធ្វើកុងត្រា”។
គួរបញ្ជាក់ថា ប្រទេសតួកគី ទាំងជាអ្នកផលិតគ្រឿងបន្លាស់ និងជាអ្នកទិញដ៏ធំ របស់យន្តហោះចម្បាំង F-35 របស់ក្រុមហ៊ុន ការពារជាតិសហរដ្ឋអាមេរិក Lockheed Martin ហើយទីក្រុងវ៉ាស៊ីនតោននិយាយថា ប្រព័ន្ធការពាររុស្ស៊ី S-400 ធ្វើឲ្យប៉ះពាល់ដល់យន្តហោះ F-35 និងមិនត្រូវគ្នា ជាមួយប្រព័ន្ធការពារ របស់អង្គការណាតូ៕ ប្រែសម្រួល៖ប៉ាង កុង