ព័ត៌មានអន្តរជាតិ

ព្យុះកំបុតត្បូង ដ៏កម្រមួយ កើតឡើងនៅប្រេស៊ីល បណ្តាលឲ្យស្លាប់តិចបំផុត១០នាក់ និងជាង១ពាន់នាក់ បង្ខំចិត្តជម្លៀសខ្លួនចេញ

សៅប៉ូឡូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរការពារជនស៊ីវិល ក្នុងស្រុក បានឲ្យដឹងកាលពីថ្ងៃពុធថា ព្យុះកំបុតត្បូងដ៏កម្រមួយ ដែលជាប្រភេទព្យុះចក្រវាឡិ៍ បានកើតឡើងនៅភាគខាងត្បូង ប្រទេសប្រេស៊ីល បណ្តាលឲ្យស្លាប់ មនុស្សតិចបំផុត១០នាក់ និងពលរដ្ឋប្រមាណ ជាង១ពាន់នាក់ផ្សេងទៀត បង្ខំជម្លៀសខ្លួនចេញ ពីផ្ទះរបស់ពួកគេ ។

មនុស្សចំនួន៩នាក់បានស្លាប់ ត្រូវបានគេរាយការណ៍ឲ្យដឹងនៅរដ្ឋ Santa Catarina ដែលមនុស្សម្នាក់ទៀត ក៏នៅទីនោះហើយត្រូវបាន គេរាយការណ៍ថា បាត់ខ្លួន ។ ជនរងគ្រោះទី១០នោះ គឺជាអ្នកស្រុករស់នៅ រដ្ឋ Rio Grande do Sul ព្រំដែនរវាងប្រទេសអាហ្សង់ទីន និងអ៊ុយរ៉ូហ្គាយ ។

ក្រុមឧតុនិយមបាននិយាយថា នៅក្នុងតំបន់មានការប្រែប្រួលអាកាសធាតុ “ជាប្រភេទព្យុះកំបុតត្បូងត្រូពិក ដ៏ខ្លាំងក្លាបំផុត” ឬជាព្យុះដែលមានការ វិវត្តន៍លឿនបំផុត ដែលបានបក់មកពីមហាសមុទ្រ អាត្លង់ទិក និងបានបោកបក់ទៅកាន់តំបន់ភាគខាងត្បូង នៃប្រទេសប្រេស៊ីល ដែលមានល្បឿន ខ្យល់បក់រហូតដល់ ១១០គីឡូម៉ែត្រក្នុង១ម៉ោង ។

ព្យុះកំបុតត្បូងនេះ បានបង្កឲ្យដាច់ចរន្តអគ្គីសនី នៅក្នុងក្រុងតិចបំផុតចំនួន៣៨ក្រុង និងផ្ទះប្រមាណ៦៨៦.០០០ខ្នង នៅរដ្ឋ Santa Catarina ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top