ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីចិន ៖ ចិន និងថៃ ស្និតស្នាលនឹងគ្នា ដូចជាគ្រួសារតែមួយ

ប៉េកាំង៖ នាយករដ្ឋមន្ត្រីចិនលោក លី ខឹឈាង បានផ្លាស់ប្តូរសារអបអរសាទរ កាលពីថ្ងៃពុធជាមួយសមភាគីថៃ របស់លោក ប្រាយុទ្ធចាន់អូចា ក្នុងឱកាសគម្រប់ខួប ៤៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងសាររបស់លោកលី បាននិយាយថា ប្រទេសចិននិងថៃ គឺជាប្រទេសជិតខាង ដែលមានភាពជិតស្និទ្ធ និងរួសរាយរាក់ទាក់ ។ ក្នុងរយៈពេល ៤៥ ឆ្នាំកន្លងមកនេះ ទំនាក់ទំនងទ្វេភាគី បានរីកចម្រើនឥតឈប់ឈរ ដោយទទួលបានលទ្ធផល ជាផ្លែផ្កាលើគ្រប់វិស័យ នៃកិច្ចសហប្រតិបត្តិការ ដោយនាំមកនូវផលប្រយោជន៍ជាក់ស្តែង ដល់ប្រជាជនទាំងសងខាង និងធ្វើជាគំរូសម្រាប់ ជំរុញទំនាក់ទំនង រវាងចិននិងសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ។

លោក លី ខឹងឈាង បន្ថែមថា នៅឆ្នាំនេះប្រទេសចិននិងថៃ បានជួយនិងគាំទ្រគ្នាទៅវិញទៅមក ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ ១៩, បង្កើនមិត្តភាពជាប្រពៃណី។ លោកលីបានមានប្រសាសន៍ថា ប្រទេសចិននិងប្រទេសថៃ មានភាពជិតស្និទ្ធ ដូចជាគ្រួសារតែមួយផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top