ព័ត៌មានអន្តរជាតិ

ប៉ូលិសថៃ ចាប់ខ្លួនអ្នកប្រណាំងម៉ូតូ តាមដងផ្លូវជាង ៥.៦០០ នាក់ និងរឹបអូសម៉ូតូ បានជាង ១៧.៧០០ គ្រឿង នៅក្នុងរយៈពេល ១១ ថ្ងៃ

បរទេស៖ ប៉ូលីសប្រទេសថៃ បានចាប់ខ្លួនអ្នកប្រណាំងម៉ូតូ តាមដងផ្លូវជាង ៥.៦០០ នាក់ និងរឹបអូសម៉ូតូបានជាង ១៧.៧០០ គ្រឿង នៅក្នុងរយៈពេល ១១ ថ្ងៃ បន្ទាប់ពីបម្រាមគោចរពេលយប់ ត្រូវបានលើក។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ប៉ូលីសបានបង្កើន កិច្ចខិតខំប្រឹងប្រែង ក្នុងការបង្ក្រាបអ្នកប្រណាំង តាមផ្លូវខុសច្បាប់ ដែលត្រូវបានគេស្គាល់ថា Vanz boys ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ៣០ ខែមិថុនា។ ពួកគេភាគច្រើន បានវិលត្រឡប់មកប្រណាំង នៅតាមដងផ្លូវវិញ បន្ទាប់ពីបម្រាមគោចរទាក់ទងនឹង ជំងឺកូវីដ១៩ ត្រូវបានដកចេញ កាលពីថ្ងៃទី ១៤ ខែមិថុនា។

លោកនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានព្រមានប្រឆាំង នឹងការប្រមូលផ្តុំ និងការប្រណាំងតាមដងផ្លូវ ហើយបាននិយាយថា ដោយមិនគិតពីបម្រាមគោចរ ប៉ូលិសគួរតែចាត់វិធានការ ប្រឆាំងនឹងអ្នកប្រណាំងទាំងនោះ។

ជំនួយការអគ្គស្នងការប៉ូលិសជាតិ លោកឧត្តមសេនីយ៍ទោ Damrongsak Kittiprapas បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ប៉ូលិសទីក្រុងបាងកក និងតំបន់ប៉ូលីសខេត្ត ១ ដែលគ្របដណ្ដប់ លើតំបន់ទំនាបកណ្តាលក្រោម បានចាប់ខ្លួនអ្នកប្រណាំងម៉ូតូ ចំនួន ១០៩ នាក់ រឹបអូសម៉ូតូចំនួន ១១.៧៤៣ គ្រឿង និងចោទប្រកាន់ហាង ចំនួន ៣.០៨៨ សម្រាប់ការកែប្រែផ្នែកម៉ូតូខុសច្បាប់៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top