កីឡា

លោក តែម ម៉ឺន ៖ គ្រូបង្វឹកជម្រើសជាតិ ត្រូវយកគុណផលដាក់មុខ មិនត្រូវយកដុល្លារ ដាក់មុខឡើយ

ភ្នំពេញ ៖ ប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ លោក តែម ម៉ឺន បានមានប្រសាសន៍ថា ចំពោះគ្រូបង្វឹកជម្រើសជាតិថ្មី ទំាង២រូប ត្រូវខិតខំបង្ហាត់បង្រៀន កូនសិស្ស ដែលជាកីឡាករគុនខ្មែរ ឲ្យអស់ពីសមត្ថភាពរៀងៗខ្លួន ដើម្បីទទួលបានគុណផលល្អ ក្នុងដណ្តើមមេដាយ តបសងគុណក្រសួងអប់រំ យុវជន និងកីឡាវិញ ។

លោកបានបន្តថា ប្រសិនបើយើងបង្ហាត់បង្រៀនកូនសិស្ស មិនអស់ពីសមត្ថភាពវិញ មានន័យថា យើងកំពុងយកលុយ ដាក់មុខយើង ដោយមិនគិតពីគុណផល របស់កីឡាករគុនខ្មែរ ដែលជាកីឡាករជម្រើសជាតិ ដោយក្រសួងអប់រំ បានចាយលុយជាច្រើនលើយើង ។
ក្នុងនាមគ្រូបង្វឹកត្រូវបំពេញតួនាទី ទៅតាមគោលការណ៍ របស់មជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា គឺហ្វឹកហាត់កីឡាករ តាមកម្មវិធីជានិច្ច ។

លោកប្រធាន បន្ថែមទៀតថា កាលពីឆ្នាំកន្លងមក គ្រូបង្វឹកចាស់ បានយកពេលវេលាក្រុមជម្រើសជាតិ ទៅហ្វឹកហាត់ដល់កីឡាករ នៅក្លិបរបស់ខ្លួន ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់សហព័ន្ធកីឡាប្រដាល់់គុនខ្មែរ សម្រាប់ឆ្នាំនេះ មិនអនុញ្ញាតឲ្យលោកគ្រូទាំង២រូប ធ្វើបែបនេះឡើយ ។ គ្រូបង្វឹកប្រដាល់គុនខ្មែរ២រូប គឺលោកគ្រូ ជា រិទ្ធ និងលោក ឡុង សាលវ័ន្ត ។

ក្នុងនោះមានបេក្ខជចំនួន៥រូប រួមមានអតីតគ្រូបង្វឹកឆ្នើម លោក អេ ភូថង លោកគ្រូ ជា រិទ្ធ និងលោក ឡុង សាលវ័ន្ត លោក អាត់ សារ៉ាត់ និងលោក ទេស សារិន ។ សម្រាប់ឆ្នាំសហព័ន្ធទទួលបានអនុញ្ញាត ឲ្យកីឡាកររបស់ខ្លួនចំនួន១៦នាក់ ចំណែកក្រុមជម្រើសជាតិ ឈុតធំ៨នាក់ និងថ្នាលចំនួន៨នាក់៕
ដោយ៖លី ភីលីព

Most Popular

To Top