បរទេស៖ ប្រទេសចិនបានប្តេជ្ញាបន្តការចរចា ជាមួយអាស៊ាន ស្តីពីក្រមប្រតិបត្តិរបស់ភាគីនានា នៅសមុទ្រចិនខាងត្បូង ដែលត្រូវបានរំខានដោយជំងឺ កូវីដ១៩ ។ ប្រទេសចិននិងអាស៊ានបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ពួកគេនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃពុធ ដើម្បីអនុវត្តឱ្យបានពេញលេញសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានា នៅក្នុងសមុទ្រចិនខាងត្បូងនិងបន្តការចរចាស្តីពី COC ដែលមានប្រសិទ្ធិភាព។
ក្រសួងការបរទេសវៀតណាមបាននិយាយថា យ៉ាងណាក៏ដោយប្រទេសចិនមិនបានបង្ហាញពីពេលវេលាជាក់លាក់មួយសម្រាប់ការបន្តកិច្ចពិភាក្សា COC ដែលកំពុងបន្តចាប់តាំងពីឆ្នាំ ២០០២ ដើម្បីបង្កើតច្បាប់ដែលមានកាតព្វកិច្ចស្របច្បាប់នៅក្នុងអ្វីដែលវៀតណាមហៅថាសមុទ្រខាងកើត។
នៅក្នុងកិច្ចប្រជុំចុងក្រោយស្តីពី COC ដែលបានធ្វើឡើងនៅខែតុលាឆ្នាំ ២០១៩ នៅទីក្រុងដាឡាត់ ប្រទេសវៀតណាម ភាគីទាំងពីរបានឯកភាពគ្នាត្រៀមរៀបចំសម្រាប់ការអានសេចក្តីព្រាង COC លើកទី ២ ។
ប្រទេសចិននិងអាស៊ាន បានឯកភាពគ្នាកាលពីថ្ងៃពុធដើម្បីជំរុញការសន្ទនាកិច្ចសហប្រតិបត្តិការនិងការកសាងទំនុកចិត្តដើម្បីធានាបាននូវបរិយាកាសសន្តិភាពសន្តិសុខនិងស្ថេរភាពនៅក្នុងតំបន់៕ប្រែសម្រួលៈ ណៃ តុលា