បរទេស៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍ថា ខ្លួននឹងអញ្ជើញរដ្ឋាភិបាលចិន ឲ្យចូលរួមនៅ ក្នុងកិច្ចចរចាគ្រប់គ្រង់អាវុធ នៅក្នុងទីក្រុងវីយែន នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ចេញនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ មន្ត្រីនាំពាក្យ ក្រសួងការបរទេសអាមេរិក លោកស្រី Morgan Ortagus ក៏បានផ្តល់អនុសាសន៍ ឲ្យប្រទេសចិន ជួបគ្នាជាមួយប្រទេសរុស្ស៊ី ដើម្បីពិចារណាជំហានបន្ទាប់ សម្រាប់កិច្ចចរចា អំពីការគ្រប់គ្រងអាវុធត្រីភាគីផងដែរ។
លោកស្រី Morgan Ortagus បានមានប្រសាសន៍ដូច្នេះថា “យើងទាំងអស់គ្នា នឹងនាំយកទស្សនវិស័យ និងគោលដៅផ្សេងៗ ទៅកាន់តុចរចាគ្នា ហើយនឹងពិតជា មានការខ្វែងគំនិតគ្នា ប៉ុន្តែវាជាពេលវេលា សម្រាប់កិច្ចពិភាក្សាគ្នា និងការទូត រវាងមហាអំណាច អាវុធនុយក្លេអ៊ែដ៏ធំបំផុតទំាង៣ ស្តីពីវិធីទប់ស្កាត់ ការប្រកួតប្រជែងអាវុធគ្នា”៕ ប្រែសម្រួល៖ប៉ាង កុង