បរទេស៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo បានប្រកាសនៅថ្ងៃពុធ សប្ដាហ៍នេះថា កងកម្លាំងសហរដ្ឋអាមេរិក និងដៃគូនានា បានរឹបអូសទូកមួយគ្រឿង កាលពីខែមិថុនា ដែលដឹកសព្វាវុធអ៊ីរ៉ង់ ឲ្យទៅពួកឧទ្ធាម ហូធី នៅក្នុងប្រទេសយេម៉ែន ស្របពេល ដែលលោកអំពាវនាវ ដល់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ឲ្យបន្តដាក់បម្រាមអាវុធ លើប្រទេសអ៊ីរ៉ង់។
លោក Mike Pompeo បាននិយាយប្រាប់ សន្និសីទកាសែត នៅក្រសួងការបរទេសមួយដូច្នេះថា “ក្រុមប្រឹក្សាសន្តិសុខ ត្រូវតែបន្តបម្រាម អាវុធលើប្រទេសអ៊ីរ៉ង់ ដើម្បីទប់ស្កាត់ មិនឲ្យមានជម្លោះ ថែមទៀតក្នុងតំបន់ ។ គ្មានបុគ្គលពិតប្រាកដណាមួយ អាចជឿជាក់ថា ប្រទេសអ៊ីរ៉ង់ នឹងប្រើប្រាស់អាវុធ ដែលខ្លួនទទួលបានណាមួយ សម្រាប់ការបញ្ចប់ដោយសន្តិភាព”។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ កំពុងតែដឹកនាំការជំរុញ របស់សហរដ្ឋអាមេរិក បញ្ចុះបញ្ចូល ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ឲ្យបន្តដាក់បម្រាមអាវុធ ដែលនឹងត្រូវផុតកំណត់ នៅពាក់កណ្ដាលខែតុលា ក្រោមលក្ខខណ្ឌកិច្ចព្រមព្រៀង នុយក្លេអ៊ែអ៊ីរ៉ង់ឆ្នាំ២០១៥ ដែលសហរដ្ឋអាមេរិក បានដកខ្លួនចេញ នៅក្នុងឆ្នាំ២០១៨៕ ប្រែសម្រួល៖ប៉ាង កុង