បរទេស៖ មន្ត្រីអ៊ីរ៉ង់ នៅថ្ងៃសុក្រម្សិលមិញនេះ តាមសេចក្តីរាយការណ៍ បានធ្វើការច្រានចោលនូវសេចក្តីរាយការណ៍ អំពីការបំផ្ទុះគ្រាប់នៅខាងលិចទីក្រុងតេអេរ៉ង់ បង្កឲ្យមានការភ័យខ្លាចអំពីអស្ថិរភាពកាន់តែខ្លាំង ក្រោយមានការបំផ្ទុះគ្រាប់និងអគ្គិភ័យជាបន្តបន្ទាប់ នៅក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា សេចក្តីរាយការណ៍នោះ បាននិយាយប្រាប់ថា មានហេតុការណ៍បំផ្ទុះគ្រាប់និងការផ្តាច់ចរន្តអគ្គិសនី នៅតំបន់ Shahr-e Qods ស្ថិតនៅខាងលិចរដ្ឋធានី តេអេរ៉ង់ កាលពីយប់ថ្ងៃព្រហស្បតិ៍។
អ្នកប្រើប្រាស់បណ្ដាញសង្គមធ្វីតធ័រអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ បានរាយការណ៍ប្រាប់ថា បានលឺសូរផ្ទុះជាច្រើន ដែលហាក់ដូចជាសម្លេងកាំភ្លើងធំ និងការបាញ់យន្តហោះ នៅក្រោយពាក់កណ្ដាលយប់ ប៉ុន្តែលោក Leila Vaseghi ជាប្រធានគ្រប់គ្រងតំបន់ Shahr-e Qods នៅថ្ងៃសុក្រ បានបដិសេធថា គ្មានហេតុការណ៍បំផ្ទុះគ្រាប់ណាមយនៅក្នុងតំបន់នោះទេ៕