ភ្នំពេញ ៖ យ៉ាងហោចណាស់ មាន៦ទៅ៧ប្រទេស នៅក្នុងអាស៊ាន ដែលបានយល់ស្របចូលរួមជួយរៀបចំ កីឡាគុនល្បុក្កតោកម្ពុជា សម្រាប់ដំណើរការការប្រកួត នៅក្នុងកីឡាស៊ីហ្គេមលើកទី ៣២ឆ្នាំ២០២៣ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣(CAMSOC) ហើយក៏ជាអនុប្រធានសហព័ន្ធកីឡាគុនខ្មែរ ល្បុក្កតោកម្ពុជា បានពន្យល់នៅក្នុងឳកាសចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផល និងទិសដៅការងារបន្ត កាលពីល្ងាចថ្ងៃទី០៩ កក្កដា នៅស្នាក់ការNOCCឲ្យដឹងថា “ ក្នុងដំណើរឆ្ពោះទៅកាន់ស៊ីហ្គេម២០២៣ របស់សហព័ន្ធកីឡាល្បុក្កតោ របស់កម្ពុជា បច្ចុប្បន្ននេះ គឺកំពុងមានភាព លំបាកស្មុគស្មាញ និងរដិបរដុប ហើយដែលយើងត្រូវរួមគ្នា ពុះពារដោះស្រាយ និងរួមអនុវត្តធ្វើទាំងអស់គ្នា ទើបអាចសម្រេចទៅបាន ជាពិសេស គឺក្នុងការពន្យល់ណែនាំ ពិសេសគឺឡប់ប៊ី (Lopby) និងបង្ហាត់បង្ហាញ បណ្ដាប្រទេស នៅក្នុងតំបន់មួយចំនួន ដែលថាគេនឹងចូលរួមនោះ ឱ្យគេហាត់គុនល្បុក្កតោ របស់កម្ពុជាយើង ទើបយើងអាចរៀប ចំការប្រកួតបាន ។ ក្នុងនោះត្រូវទៅបង្រៀនគេអំពីច្បាប់ និងបទបញ្ជា នៃការប្រកួត ទៅបង្ហាត់គេឲ្យគេចេះរបៀបបច្ចេកទេស ក្នុងការប្រកួតប្រជែងជាមួយយើង “ ។
លោកវ៉ាត់ ចំរើន បានបញ្ជាក់ទៀតថា “ ចាប់ពីឥឡូវនេះទៅ យើងត្រូវត្រៀមរៀបចំបទបញ្ជា នៃការប្រកួតជាកម្រិតអន្តរជាតិ ។ ជាមួយគ្នានេះ នៅឆ្នាំក្រោយតាមការបង្ហើបឲ្យដឹង ពីលោកអ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡាថា នឹងស្នើសុំថវិកាឧបត្ថម្ភពីក្រសួងអប់រំ យុវជននិងកីឡា ដើម្បីរៀបចំការប្រកួតមួយ ជាលក្ខណៈហ្គេមកម្រិតអាស៊ីអាគ្នេយ៍ ដើម្បីឱ្យបណ្ដាប្រទេសមួយ ចំនួនមកជួបជុំគ្នានៅក្នុងប្រទេសកម្ពុជា ដើម្បីរៀនផង ធ្វើការប្រកួតផង ដើម្បីយើងបានផ្សព្វផ្សាយ នូវកីឡាគុនល្បុក្កតោ របស់យើងទៅបណ្ដាប្រទេស អាស៊ានមួយចំនួន ដែលបាន យល់ស្របចូល រួមជួយរៀបចំល្បុក្កតោ នៅក្នុងការប្រកួតស៊ីហ្គេម ២០២៣ខាងមុខ នៅកម្ពុជានេះ ដូចជាវៀតណាម ឡាវ ហ្វីលីពីន ម៉ាឡេស៊ី មីយ៉ាន់ម៉ា..គឺយើងមិន មែនធ្វើតែម្នាក់ ឯងទេ យើងមាន៦-៧ ប្រទេស ហើយដែលចូលរួមគាំទ្រ ជួយដល់គុនល្បុក្កតោរបស់កម្ពុជា ក្នុងស៊ីហ្គេម២០២៣នោះ ៕