ភ្នំពេញ ៖ ស្ថិតក្នុងអំឡុង រដូវកាលមេរោគ COVID-19 កំពុងបន្តរាតត្បាតពិភពលោក នាពេលបច្ចុប្បន្ននេះ សម្រាប់កម្ពុជា នៅតែស្ថិតក្នុងស្ថានភាព ប្រុងប្រយ័ត្នខ្ពស់ជានិច្ច ចំណែកប្រភេទកីឡាជាច្រើន ត្រូវបានអនុញ្ញាតឲ្យប្រមូលផ្ដុំហ្វឹកហាត់ត់វិញ ដោយត្រូវអនុវត្តន៍តាមការណែនាំ របស់ក្រសួងសុខាភិបាល ។
ចំពោះប្រភេទកីឡាអុកចត្រង្គ នៅមិនទាន់បានប្រមូលផ្ដុំហ្វឹកហាត់ជាថ្មី នៅឡើយទេ គឺគ្រាន់តែបានជួបគ្នា នៅតាមហាងកាហ្វេ ដើម្បីលេងជាការកម្សាន្ដ និងផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមកតែប៉ុណ្ណោះ ដោយឡែកការប្រកួតនានាក៏សហព័ន្ធនៅមិនទាន់បានគិតគូរនៅឡើយដោយសារតែការប្រមូលផ្ដុំគ្នានៅមិនទាន់អនុញ្ញាត ។
ប្រភេទកីឡានេះនៅកម្ពុជា មានសក្ដានុពលខ្លាំងណាស់ មិនតែប៉ុណ្ណោះកម្ពុជា ត្រៀមនឹងបញ្ជូនគ្រូឲ្យចេញទៅបង្ហាត់ ដល់បណ្ដាប្រទេសជិត ខាងពីរបៀបលេង បទបញ្ជានៃការប្រកួត និងការកំណត់របៀបចាញ់ ឈ្នះ ពេលវេលាប្រកួត ។ សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣កម្ពុជា នឹងដាប់ប្រភេទកីឡាអុកចត្រង្គ ទៅក្នុងកម្មវិធីប្រកួត ។
លោកវ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានអះអាងឲ្យដឹងថា សព្វថ្ងៃនេះមានប្រទេស៤ ឬ៥ ហើយដែលគាំទ្រកីឡា អុកចត្រង្គកម្ពុជា ក្នុងការដាក់ប្រភេទ កីឡានេះនៅ SEA GAMES 2023 ដោយសារតែមានការគាំទ្រ បែបនេះកម្ពុជាត្រូវតែរៀប ចំឲ្យបានឆាប់នូវបទបញ្ជាប្រកួត បច្ចេកទេស នៃការប្រកួតនិងបញ្ជូនគ្រូ ទៅបង្ហាត់ដល់ប្រទេស ដែលគាំទ្រទាំងនោះ ។ ប្រភេទកីឡានេះកម្ពុជា នឹងប្រជែងបានមេដាយដូច្នេះសាមីសហព័ន្ធត្រូវតែធ្វើការងារខាងលើនេះ ឲ្យបានបឆាប់រហ័សជាទីបំផុត ។
លោកគ្រួច ចន្ថារិទ្ធ ជាគ្រូបង្វឹកជម្រើសជាតិ បាននិយាយឲ្យដឹងថា សព្វថ្ងៃកីលាអុកចត្រង្គកម្ពុជាមានកីឡាករជម្រើសជាតិ ចំនួន៦រូប កីឡាការិនីជម្រើសជាតិ មិនទាន់មាននៅឡើយទេ តែសម្រាប់ថ្ងៃអនាគតសហព័ន្ធ នឹងបង្កើតកីឡាការិនីជម្រើសជាតិ ឲ្យខាងតែបាន ។
សព្វថ្ងៃនេះពួកគេមិនទាន់បានប្រមូល ផ្ដុំហ្វឹកហាត់នៅឡើយរីឯការប្រកួតនានា ក៏មិនទាន់មានគម្រោងនៅឡើយដែរ តែពួកគេតែងតែជួបគ្នា ប្រកួតលេងជាធម្មតាប៉ុណ្ណោះ ៕