បរទេស ៖ រដ្ឋមន្ត្រីប្រេង របស់ប្រទេស វេណេស៊ុយអេឡា លោក Tareck El Aissami តាមសេចក្តីរាយការណ៍ បានតេស្តឃើញវិជ្ជមាន សម្រាប់មេរោគកូវីដ១៩ ក្រោយមួយថ្ងៃ បន្ទាប់ពីមេដឹកនាំបក្ស សង្គមនិយម លោក Diosdado Cabello ក៏ត្រូវបានគេតេស្តឃើញឆ្លង មេរោគកូរ៉ូណានេះផងដែរ។
លោក Tareck El Aissami ជារដ្ឋមន្ត្រីប្រេង និងជាអនុប្រធានផ្នែកសេដ្ឋកិច្ច របស់ប្រទេសផងនោះ បានមានប្រសាសន៍ប្រាប់ថា លោកំពុងតែចាប់ផ្តើមដាក់ខ្លួនឯង ឲ្យនៅដាច់ដោយឡែកពីគេ និងបន្តថា “ការប្រយុទ្ធប្រឆាំងថ្មី ដែលខ្ញុំកំពុងតែធ្វើនេះ គឺប្រកាន់ខ្ជាប់នូវព្រះជាម្ចាស់និងជីវិត”។
លោក Omar Prieto ជាអភិបាលរដ្ឋ Zulia នៅភាគខាងលិច តាមសេចក្តីរាយការណ៍ ក៏តេស្តវិជ្ជមានសម្រាប់ មេរោគថ្មីនេះផងដែរ។ រហូតមកទល់ពេលបច្ចុប្បន្ននេះ ប្រទេសវេណេស៊ុយអេឡា បានរាយការណ៍ករណី មេរោគកូវីដ១៩ចំួន៨.០១០ករណី គឺមានចំនួនតិចជាងប្រទេសជិតខាង នៅអាមេរិកឡាទីនផ្សេងទៀត ដូចជាប្រទេសប្រេស៊ីលជាដើម ប៉ុន្តែនៅក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ករណីឆ្លងនៅវេណេស៊ុយអេឡា បានកើនយ៉ាងលឿន ៕ ប្រែសម្រួល៖ប៉ាង កុង