ប្រេស៊ីល៖យោងស្ថិតិជាផ្លូវការបានបង្ហាញថា ការកាប់បំផ្លាញព្រៃឈើ របស់អាម៉ាហ្សូនកើនឡើង២៥ ភាគរយក្នុងមួយឆ្នាំ ដូច្នេះធ្វើឲ្យព្រៃ ត្រូពិកបានឈានដល់កម្រិតនៃការបំផ្លិចបំផ្លាញដោយមានទំហំ ១០ ដងនៃទំហំទីក្រុងប៉ារីស ដែលបានបំផ្លាញរួចហើយក្នុងឆ្នាំ២០២០ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។
ព្រៃ និងទឹកភ្លៀងក៏កំពុងដំណើរការសម្រាប់ឆ្នាំដ៏អាក្រក់បំផុតរបស់ខ្លួន ហើយនៅឆមាសទីមួយនៃឆ្នាំ ២០២០ ផ្ទៃដីទំហំ៣,០៦៩ គីឡូម៉ែត្រក្រឡា ដែលជាផ្ទៃដី ១០ ដងនៃទំហំទីក្រុងប៉ារីសត្រូវបានបំផ្លាញ។ ទិន្នន័យបឋមពីវិទ្យាស្ថានជាតិស្រាវជ្រាវអវកាស (INPE) របស់ប្រទេសបង្ហាញថា ខែមិថុនាគឺជាខែទី ១៤ ហើយដែលការកាប់បំផ្លាញព្រៃឈើកើនឡើង។
ខែមិថុនាគឺជាការចាប់ផ្តើមនៃរដូវប្រាំង ហើយប្រេស៊ីលត្រូវបានរងការរិះគន់ពីបណ្តាប្រទេស និងក្រុមបរិស្ថានជុំវិញការកាប់បំផ្លាញព្រៃឈើ និងអគ្គិភ័យទ្រង់ទ្រាយធំ។ ការកាប់បំផ្លាញព្រៃឈើ និងអគ្គិភ័យនៅអាម៉ាហ្សូនរបស់ប្រេស៊ីលបានបញ្ចេញកាបូនឌីអុកស៊ីត១១៥ លានតោននៅឆមាសទីមួយនៃឆ្នាំ២០២០ កើនឡើងប្រមាណ ២០ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនស្មើនឹងការបំភាយរថយន្តប្រចាំឆ្នាំ ២៥ លានគ្រឿង៕ដោយ៖លី ភីលីព