ប៉េកាំង៖ ស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma បានលក់ភាគហ៊ុន របស់លោករាប់ពាន់លានដុល្លារ នៅក្នុងក្រុមហ៊ុនអេឡិកត្រូនិកចិន កាលពីឆ្នាំមុន ដោយសារភាគហ៊ុនរបស់ខ្លួន បានកើនឡើងយ៉ាងខ្លាំង ប្រហែល ៥០ ភាគរយ។
លោក Jack Ma ដែលជាអ្នកមានបំផុតម្នាក់ ក្នុងប្រទេសចិន បានកាត់បន្ថយភាគហ៊ុន របស់លោកពី ៦,២% ទៅ ៤,៨% នេះបើយោងតាម របាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុន។
របាយការណ៍ មិនបានបញ្ជាក់ថា ពេលណាលោក លក់ភាគហ៊ុនរបស់លោក ឬលក់អស់ប៉ុន្មានទេ។ ក្នុងតម្លៃទីផ្សារបច្ចុប្បន្នភាគហ៊ុន នឹងមានតម្លៃប្រហែល ៨,២ ពាន់លានដុល្លារ។ លោក Ma បានចូលនិវត្តន៍កាលពីឆ្នាំមុន ក្នុងនាមជាប្រធាននាយកប្រតិបត្តិ របស់ក្រុមហ៊ុន នៅអាយុ ៥៥ ឆ្នាំហើយបាននិយាយថា លោកនឹងលះបង់ពេលវេលារបស់លោក ដើម្បីការងារមនុស្សធម៌។
នៅក្នុងខែឧសភា ក្រុមហ៊ុន Alibaba (BABA) បានឲ្យដឹងថាវេទិកាឌីជីថលរបស់ខ្លួន ឥឡូវនេះមានចំនួន ១ ភាគ ៦ នៃការលក់រាយទាំងអស់ នៅក្នុងប្រទេសចិន ហើយខ្លួនរំពឹងថា នឹងកើនឡើងថែមទៀត នៅពេលដែលការរីករាលដាលជំងឺ Covid-19 បានជំរុញអ្នកប្រើប្រាស់ និងអាជីវកម្មកាន់តែច្រើន តាមអ៊ិនធឺណិត។
លោក Daniel Zhang នាយកប្រតិបត្តិក្រុមហ៊ុន បានលើកឡើងថា“ យើងជឿជាក់ថា មានរឿងធម្មតាថ្មីមួយ ដែលនឹងនៅតែបន្តកើតមាន បន្ទាប់ពីជំងឺរាតត្បាតបានចប់ទៅវិញ”៕ ដោយ៖ ឈូក បូរ៉ា